ព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា មានស្ថានភាពល្អប្រសើរវិញ ហើយនឹងយាងមាតុភូមិនិវត្ដន៍ នាដើមខែកក្កដាខាងមុខ
កណ្តាល៖ ដំណឹងដ៏រីករាយជាទីបំផុត នៃប្រជាជនកម្ពុជា ដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ទ្រង់នឹងយាងមាតុភូមិនិវត្ដន៍ មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ។
យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្នុងសន្និសិទសារព័ត៌មានស្ដីពី លទ្ធផលនៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ព្រះរាជសុខភាពរបស់ ព្រះកុរណា ព្រះមហាក្សត្រកម្ពុជា ស្ថិតក្នុងការតាមដានជាប់ជាប្រចាំ ប្រកបដោយការយកចិត្ដទុកដាក់ខ្ពស់បំផុត កន្លងមកទោះបីជាសម្ដេចតេជោ និងសម្ដេចធិបតី នៅក្នុងប្រទេសកម្ពុជាក៏ពិតមែនតែ សម្ដេចតែងតែយកចិត្ដទុក្ខដាក់ជានិច្ច ចំពោះព្រះរាជសុខភាពរបស់ទ្រង់ទាំងទ្វេរ ដោយកាលពីខែមេសា កន្លងទៅ សម្ដេចតេជោ បានអញ្ជើញទៅទីក្រុងប៉េកាំងដោយផ្ទាល់ ដើម្បីសួរសុខទុក្ខ និងកំដរព្រះករុណាព្រះមហាក្សត្រ ក្នុងពេលទ្រង់ព្យាបាលព្រះរោគ។
ស្របពេលនៃដំណើរទស្សនកិច្ចមិត្ដភាពផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែននេះ សម្ដេច និងកូនប្រុសទាំងពីរ គឺលោក ហ៊ុន ម៉ានី និងលោក ហ៊ុន ម៉ានិត បានចូលក្រាបបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា នឹងទទួលបានដំណឹងថា ព្រះរាជសុខភាពរបស់ទ្រង់មកដល់ពេលនេះ មានស្ថានភាពល្អនិងបានវិលមករកប្រក្រតីភាពវិញហើយ។
ទន្ទឹមនឹងនេះ ព្រះកុរណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេរនឹងយាងត្រលប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ខាងមុខនេះ៕
អត្ថបទ៖ ឈឹម ធីតា រូបភាព៖ង៉ាន់ សំណាង