ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សខេត្តកណ្តាល អំពាវនាវពលរដ្ឋបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងផ្លូវច្បាប់
កណ្តាល៖ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកណ្តាល តំណាងលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តមានជំនឿ និងទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារអធិបតេយ្យភាពជាតិ និងដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ តាមរយៈយន្តការការទូត ទ្វេភាគី និងផ្លូវច្បាប់ ដោយប្រកាន់ខ្ជាប់គោលការណ៍សន្តិវិធី។
លោក បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងបន្តការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ដោយឈរលើគោលការណ៍សន្តិភាព មិត្តភាព និងការគោរពច្បាប់អន្តរជាតិ។ លោក បានគូសបញ្ជាក់ថា៖ «យើងស្រឡាញ់សន្តិភាព ចង់បានប្រទេសជិតខាងល្អ ស្អប់សង្គ្រាម ហើយយើងទាំងអស់គ្នាចង់រស់នៅក្នុងសុខសន្តិភាព»។
ក្នុងឱកាសនោះ លោក ក៏បានធ្វើបទបង្ហាញអំពីស្ថានភាពនយោបាយទូទៅ ផែនការយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលផ្តោតលើអាទិភាពសំខាន់ៗ រួមមាន «មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស និងសម្រេចគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះ លោក បានលើកទឹកចិត្តសមាជិកថ្មីរបស់គណបក្សឱ្យបន្តរួបរួមសាមគ្គីជាមួយគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិ។ លោក បានរំលឹកថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលបានដឹកនាំការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងកសាងប្រទេសពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃ។
លោក ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតនាពេលខាងមុខ ព្រមទាំងចូលរួមផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សនៅតាមមូលដ្ឋាន និងលើកទឹកចិត្តអ្នកដែលមិនទាន់ជាសមាជិក ឱ្យចូលរួមជាមួយគណបក្ស ដើម្បីរួមចំណែកថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ។
បន្ថែមពីនេះ លោក បានចែករំលែកដល់យុវជនអំពីសារៈសំខាន់នៃច្បាប់ស្តីពីកាតព្វកិច្ចយោធា ដោយចាត់ទុកថា ជាកាតព្វកិច្ច និងកិត្តិយសរបស់ប្រជាពលរដ្ឋក្នុងការចូលរួមការពារមាតុភូមិ ព្រមទាំងបានលើកទឹកចិត្តឱ្យយុវជនបណ្តុះស្មារតីស្នេហាជាតិ ចូលរួមការងារស្ម័គ្រចិត្ត អភិវឌ្ឍសហគមន៍ បរិច្ចាគកម្លាំង ប្រាជ្ញា និងធនធានតាមលទ្ធភាព ព្រមទាំងបញ្ចេញមតិ និងទស្សនៈប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ ដើម្បីរួមចំណែកកសាងសង្គម និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន៕
អត្ថបទ៖ ឈុន សុភ័ក្រ