សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញបើកពិព័រណ៌ជំនាញសិក្សា និងការងារ ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” នៅសាលាតិចណូ

image


ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី២៨ ខែមិថុនានេះ បានអញ្ជើញបើកពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដែលមានការផ្សព្វផ្សាយអំពីឱកាសការងារ និងតម្រង់ទិសការសិក្សាដល់សិស្សនិស្សិតបន្ត ឬបន្ថែមុខវិជ្ជា ។
ក្នុងពិធីបើកការតាំងពិព័រណ៍ លោកស្រី ស៊ូ ហ្សូលីដា ប្រធានសមាគមអតីតនិស្សិតអាហារូបករណ៍ហ៊្វុលប្រាយ និងអាហារូបករណ៍សហរដ្ឋអាមេរិក បានឱ្យដឹងថា ពិព័រណ៍នេះ ប្រព្រឹត្តិឡើងក្នុងប្រធានបទ “អាជីពក្នុងអន្តរកាល” ដោយប្រធានបទនេះ គឺមានសារសំខាន់យ៉ាងខ្លាំង ស្របពេលដែលប្រទេសកម្ពុជា និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ នៃបម្រែបម្រួលយ៉ាងគំហុក របស់សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យា។

លោកស្រីបានបន្តថា ការតាំងពិព័រណ៍នេះ មានចំនួន ៣៣ស្ដង់ ថ្នាក់តម្រង់ទិសចំនួន ១៦ថ្នាក់ កិច្ចពិភាក្សាតុមូលចំនួន២ ជាមួយនឹងមានវាគ្មិនធ្វើបទបង្ហាញ ដែលពិព័រណ៍នេះ នឹងប្រព្រឹត្តិទៅតែមួយថ្ងៃ គឺនៅថ្ងៃទី២៨ ខែមិថុនានេះ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកទឹកចិត្តដល់យុវជន ក៏ដូចជាសិស្សនិស្សិត ត្រូវចាប់យកឱកាសពីការតាំងពិព័រណ៍ ស្ដាប់ការពន្យល់ ស្ដាប់បទពិសោធន៍ពីអតីតនិស្សិត ឬការតម្រង់ទិសការសិក្សា ពីអ្នកធ្វើបទបង្ហាញតាមស្ដង់ និងសួរសំណួរបន្ថែម ដើម្បីជាមាគ៌ាជីវិត សម្រាប់ជួយដល់អនាគតខ្លួនឯង ។

ក្រោមប្រធានបទ “អាជីពក្នុងអន្តរកាល” លោកជំទាវបណ្ឌិត បានពន្យល់ថា អន្តរកាលសំដៅដល់ការផ្លាស់ប្តូរឥតឈប់ឈរមានដូចជាការរីកចម្រើនផ្នែកបច្ចេកវិទ្យា ទីផ្សារការងារជាដើម ហើយមិនមែនជាពេលវេលាដែលយើងត្រូវខ្លាចនោះទេ គឺជាពេលដែលយើងត្រូវរៀបចំខ្លួនឱ្យបានល្អ។ អ្នកដែលមានចំណេះដឹងប៉ុន្តែមិនបន្តការរៀនសូត្រ គឺអាចនឹងត្រូវបានបោះបង់ចោលដោយការផ្លាស់ប្តូរនេះ។ ប៉ុន្តែអ្នកដែលមានចំណេះដឹង មានជំនាញ មានសីលធម៌ មានការបត់បែន និងមានស្មារតីរៀនរហូត គឺអាចប្រែក្លាយការផ្លាស់ប្តូរនេះ ទៅជាឱកាសថ្មី ដើម្បីរីកចម្រើនទៅមុខ។

លោកជំទាវបណ្ឌិត ក៏បានជំរុញបន្ថែមដល់ប្អូនៗដែលមានសញ្ញាបត្រ ឬ រៀនចប់ ត្រូវតែមានការធ្វើបច្ចុប្បន្នភាពជាប់ជាប្រចាំ និងត្រូវមានជំនាញអនុវត្ត ជំនាញឌីជីថល ជំនាញបច្ចេកទេស ជំនាញវិភាគ ការគិត និងការដោះស្រាយជាប្រចាំ ដើម្បីសម្របខ្លួននៅក្នុងអន្តរកាលដែលចេះតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។

លោកជំទាវបណ្ឌិត ក៏បានលើកទឹកចិត្តឱ្យយុវតីទាំងអស់ត្រូវមានភាពក្លាហាន ជ្រើសរើសមុខជំនាញដែលខ្លួនស្រឡាញ់ ព្រោះថាស្ត្រីក៏មានសមត្ថភាពធ្វើបានដូចបុរសដែរ ហើយពេលខ្លះធ្វើបានល្អជាបុរសទៅទៀត។

លោកជំទាវបណ្ឌិត បានលើកឡើងថា “ការអភិវឌ្ឍធនធានមនុស្សគឺមិនមែនពេលដែលយុវជនចូលធ្វើការនោះទេ គឺនៅពេលដែលយុវជនចេះចាប់ជំនាញដែលឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នរបស់សង្គមជាតិដោយការសួរខ្លួនឯងថា ខ្ញុំចង់រៀនអ្វី? តើខ្ញុំត្រូវធ្វើអ្វីទៅទើបខ្លួនឯងបានលទ្ធផលល្អ? តើសង្គមត្រូវការអ្វី? ហើយតើខ្ញុំអាចរួមចំណែកធ្វើអី្វខ្លះដើម្បីជួយដល់គ្រួសារ សហគមន៍ និងប្រទេសជាតិរបស់ខ្ញុំ? “
ជាមួយនេះ លោកជំទាវបណ្ឌិត បានផ្តល់អនុសាសន៍ចំនួន៥ ដ៏មានតម្លៃសម្រាប់អ្នកជំនាន់ក្រោយរួមមាន៖ ១. ការជ្រើសរើសជំនាញសិក្សាដោយការយល់ដឹងរបស់ខ្លួនឯង មិនមែនតាមគេតាមឯង, ២. ការដែលមិនមើលរំលងនូវតម្លៃរបស់មុខជំនាញណាមួយ, ៣ ការរៀនឱ្យចេះ និងបន្តរៀនសូត្រជាប់ជាប្រចាំ,
៤. ការរក្សាសីលធម៌ សុជីវធម៌ គុណធម៌នៅក្នុងខ្លួនជានិច្ច និង
៥. ការរក្សាស្មារតីដឹងគុណ និងការតបស្នង ពោលគឺជា កតញ្ញូជន៕