អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កន្ទោក បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ បង្ហាញពីភាពរឹងមាំរបស់គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងត្រៀមលក្ខណៈ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ
ភ្នំពេញ៖ លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី សមាជិកាគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌកំបូល និងលោក ត្រាក់ ថៃសៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់កំបូល នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
លោកស្រីកិត្តិបណ្ឌិត អុឹង កន្ថាផាវី បានថ្លែងកោតសសើរក្រុមការងារចុះមូលដ្ឋានគ្រប់ជាន់ ថ្នាក់ ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្តចុះរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ស្រប តាម អនុសាសន៍ណែនាំរបស់សម្តេចតេជោប្រធានគណបក្ស។
លោកស្រី បានគូសរំលេចផងដែរថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នេះ គឺជាសមិទ្ធ ផលថ្មីមួយមានសារៈសំខាន់ សម្រាប់បម្រើ ឱ្យរដ្ឋបាលគណបក្សនៅថ្នាក់មូលដ្ឋាន ហើយអគារនេះក៏បានបង្ហាញពីភាពរឹងមាំ របស់ គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងត្រៀមលក្ខណៈ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ មិនរត់ចោលប្រជា ពល រដ្ឋ និងត្រៀមដឹកនាំប្រទេស សម្រាប់រយៈពេលយូរអង្វែងតទៅទៀត។
បន្ថែមលើនេះ លោកស្រី អ៉ឹង កន្ថាផាវី បានលើកបង្ហាញពីស្នាដៃ និងសមិទ្ធិផល របស់គណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមកនេះ ដែលបានអភិវឌ្ឍន៍ជាច្រើនរាប់មិនអស់មានការរីកចម្រើនលើគ្រប់វិស័យ សម្រាប់កម្ពុជា និងបានប្តេជ្ញាអនុវត្តគោលដៅអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលបានខិតខំបំពេញភារកិច្ចជាច្រើន ដូចជាការខិតខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់ អគ្គិសនី អាកាសយាន្តដ្ឋាន ផ្លូវដែក និងធនធានមនុស្ស។ ជាមួយគ្នានេះ ចាំបាច់ត្រូវមានការ ចូលរួមពីបងប្អូនប្រជាពលរដ្ឋផងដែរ។ ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់អប់រំណែនាំកូនចៅ ឱ្យចៀសវាងអំពើអបាយមុខទាំងឡាយមានការប្រើប្រាស់គ្រឿងញៀន ល្បែងសុីសង ក្រុមបងតូចបងធំ ហើយត្រូវខិខំរៀនសូត្រ និងរៀនជំនាញវិជ្ជាជីវៈ ឱ្យបាន ស្ទាត់ជំនាញ ដែលអាចក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ជាតិ។
លោកស្រី អ៉ឹង កន្ថាផាវី បានណែនាំដល់មន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ឱ្យខិតខំ ធ្វើអំពើល្អ បន្តរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ