ព័ត៌មានជាតិ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅ ក្នុងការអភិវឌ្ឍជីវភាពគ្រួសារ សង្គមជាតិ និងការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា

image

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល មានប្រសាសន៍ថា ស្ត្រីដើរតួនាទីសំខាន់មិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍជីវភាពគ្រួសារ និងសង្គមជាតិ ពិសេសការសម្រេចបាននូវគោលដៅរបស់គណបក្សប្រជាជនកម្ពុជា។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងការអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន ខេត្តកណ្តាល នៅទី២៨ ខែ មិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការគណ បក្សក្រុងសំពៅពូន។

ក្នុងពិធីដែលមានអ្នកចូលរួមជិត ៣០០នាក់នេះ បានអបអរសាទរយ៉ាងក្លៀវក្លា ខួបលើកទី៧៥ ថ្ងៃបង្កើតគណបក្សបប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១–២៨ មិថុនា ២០២៦)។ ក្នុងបរិយា កាសរីករាយនោះ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាជាចលនារបស់មហាជនបានបង្កើតឡើងក្នុងបុព្វហេតុប្រជាពលរដ្ឋ និងប្រទេសជាតិ។

គណបក្ស បានធ្វើដំណើរឆ្លងកាត់ឧបសគ្គរាប់មិនអស់។ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលះបង់សេចក្តីសុខផ្ទាល់ខ្លួន និងបានយកអាយុជីវិតជាដើមទុន រំដោះអាយុជីវិតប្រជាពលរដ្ឋ ប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការផ្សះផ្សាជាតិ ស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រទេសជាតិបានដូចសព្វថ្ងៃនេះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ដ្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ជូនដល់សមាជិក សមាជិកានៃអង្គ ពិធីផងដែរ។

សម្តេចមាន ប្រសាសន៍បញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ជានិច្ចកាល បានគិតគូរពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជា ពលរដ្ឋគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ស្ត្រីត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ មកម្ល៉េះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជា បានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។

ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិភពលោកនឹងកាន់តែមានសុវត្ថិភាពស្រស់បំព្រង និងកក់ក្តៅជាងមុន ប្រសិនបើមានស្ត្រីក្លាយជាអ្នកដឹកនាំកាន់តែច្រើន។

សូមជម្រាបថា លោកស្រីបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា ទទួលបានការតែង តាំងជាប្រធានក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងសំពៅពូន។ ចលនាស្ត្រីជាសេនាធិការដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់ជាន់ថ្នាក់ ដែលបាននៅជិតពលរដ្ឋជាទីបំផុត។

សម្តេចរដ្ឋសភាធិបតី បានសំណូមពរដល់ក្រុមការងារចលនាស្ត្រី ត្រូវបន្តពង្រឹងអង្គការចាត់តាំងមូលដ្ឋានទាំងផ្នែកនយោបាយ សតិអារម្មណ៍ និងចាត់តាំង ព្រមទាំងត្រូវបន្តផ្សព្វផ្សាយ និងអប់រំអំពីកម្មវិធីនយោបាយរបស់គណបក្សឱ្យជ្រាបវចូលដល់គ្រប់ស្រទាប់ស្ត្រីនៅមូលដ្ឋាន។

បន្តស្វែងយល់និងចូលរួមដោះស្រាយរាល់បញ្ហា និងសំណូមពររបស់ប្រជាពលបរដ្ឋ មានប្រសិទ្ធភាពខ្ពស់បំផុត។ ត្រូវបន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្ស បន្តខិតខំកសាងបក្ស និងបង្កើនកម្លាំងគាំទ្របក្សស្របតាមគោលការណ៍ «រក្សាចាស់ បង្កើនថ្មី» ដើម្បីឱ្យគណបក្សទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតខាងមុខបន្តបន្ទាប់ទៀត ផ្តល់ឱកាសជូនគណបក្សបន្តដឹកនាំប្រទេស ឈានឆ្ពោះទៅរកការអភិវឌ្ឍឆ្នាំ២០៣០ និងឆ្នាំ២០៥០ សម្រេចបានតាមគោលដៅគ្រោងទុក។

នៅក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា៖ «យើងត្រូវរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត "មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់"»។

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត យោធា គ្រប់រូបតាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។ បេសកកម្មការទូតរបស់កម្ពុជាកំពុងមានប្រៀបលើពួកឈ្លានពាន។ ដូច្នេះកម្ពុជាប្រកាន់ជំហរ រឹងមាំក្នុងការដោះស្រាយបញ្ហាដោយ សន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។