ផ្លូវបេតុងក្រាលកៅស៊ូជាង ៧០០០ម៉ែត្រ មួយខ្សែនៅលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានសាងសង់រួចរាល់ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើរភ្ញៀវទេសចរ
កំពង់ស្ពឺ៖ ផ្លូវបេតុងក្រាលកៅស៊ូមួយខ្សែប្រវែងជាង ៧០០០ម៉ែត្រ ដែលស្ថាបនាដោយក្រុមហ៊ុនឯកជនមួយ ស្ថិតនៅលើខ្នងភ្នំឧទ្យានជាតិព្រះសុរាម្រិតកុសមៈគីរីរម្យ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីសម្រួលដល់ការធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ។
លោក ជាម ចន្ទ័សោភ័ណ បានលើកឡើងថា ផ្លូវមួយខ្សែនេះជាសមិទ្ធិផលថ្មីមួយបន្ថែមទៀតនៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យដែលរួមចំណែកផ្តល់នូវសុខសុវត្ថិភាពបន្ថែមដល់អ្នកធ្វើដំណើរនៃភ្ញៀវជាតិ អន្តរជាតិ ពិសេសបានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានេះ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានលើកឡើងដែរថា ឧទ្យានជាតិគិរីរម្យគឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា ហើយគិរីរម្យក៏ជារមណីយដ្ឋានដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញខ្លាំងតាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។រមណីយដ្ឋានឧទ្យានជាតិនេះ សម្បូរទៅដោយទេសភាពល្អប្រណិតលំអរដោយដើមស្រល់តូចធំដុះពីធម្មជាតិនៅលើខ្ពង់រាបគីរីរម្យ ជ្រោះទឹកធ្លាក់ជាច្រើនអន្លើ និងមានសត្វម្រឹគីម្រឹគាជាច្រើនអំបូរកំពុងរស់នៅទីនោះ អមដោយខ្យល់ធម្មជាតិដែលអំណោយផលដល់ការទៅលេងកម្សាន្តនៃភ្ញៀវទេសចរជាតិ អន្តរជាតិក្នុងមួយឆ្នាំៗប្រមាណជាង១លាននាក់។
លោក ហួត ហាក់ គូសបញ្ជាក់ថា រមណីយដ្ឋានឧទ្យានជាតិគីរីរម្យ បច្ចុប្បន្នមានការអភិវឌ្ឍន៍ខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធនានាក្រោមការគិតគូរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់វិស័យទេសចរ។ ផ្ទះសំណាក់ សណ្ឋាគារ រីសត បាននិងកំពុងបណ្តែតខ្លួនត្រៀបត្រានៅលើខ្នងភ្នំ ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុងជាច្រើនខ្សែដែលតភ្ជាប់ទៅតាមតំបន់រមណីយដ្ឋានក៏ត្រូវបានស្ថាបនា ជួសជុលឡើងវិញ ដើម្បីត្រៀមសម្រួលដល់ការធ្វើដំណើរ ចំនេញពេលវេលាដល់ភ្ញៀវទេសចរណ៍ក្នុងការដើរកម្សាន្ត។ ជាក់ស្តែងផ្លូវមួយខ្សែដែលបានដាក់សម្ពោធថ្មីនេះពិតជាបានចូលរួមលើកម្ពស់វិស័យទេសចរណ៍នៅលើខ្នងភ្នំឧទ្យានជាតិគីរីរម្យឱ្យកាន់តែទាក់ទាញ់បន្ថែមទៀត។
ទន្ទឹមនឹងការសម្ពោធសមិទ្ធផលថ្មីផ្លូវមួយខ្សែនេះ លោក ហួត ហាក់ បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពិសេសមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ត្រូវចូលរួមឱ្យបានសកម្មក្នុងការពិនិត្យតាមដានរាល់សកម្មភាពរបស់សហគមន៍ ក៏ដូចជាម្ចាស់អាជីវកម្មនានាក្នុងឧទ្យានជាតិគីរីរម្យលើការផ្តល់សេវាដល់ភ្ញៀវទេសចរ ធ្វើយ៉ាងណាជៀសវាងបង្កការថ្នាំងថ្នាក់ដល់អារម្មណ៍ភ្ញៀវមកលេងកម្សាន្តតាមរយៈការតំឡើងថ្លៃតាមទំនើងចិត្តលើការស្នាក់នៅ និងហូបចុក។ មួយវិញទៀតត្រូវពិនិត្យ និងចាត់វិធានការលើការសំអាតអនាម័យបរិស្ថានតាមរមណីយដ្ឋាននានាកុំឱ្យមានសំរាមពាសវាលពាសកាលដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរនៃរមណីយដ្ឋាន៕
អត្ថបទ៖ ប៊ុត សារុន