ចិន ប្រកាសរកឃើញរណ្ដៅពណ៌ខៀវក្នុងសមុទ្រទឹកជ្រៅដ៏កម្រមួយ ក្នុងតំបន់សមុទ្រចិនខាងត្បូង
ចិន៖ ប្រទេសចិនបានប្រកាសផ្ទៀងផ្ទាត់នូវការរកឃើញ «រណ្ដៅពណ៌ខៀវក្នុងសមុទ្រទឹកជ្រៅ» ដ៏កម្រមួយដែលមានផ្ទៃមាត់ច្រកចូលទំហំ ១,៤៩១.៧ ម៉ែត្រ ស្ថិតនៅចំកណ្តាលផ្ទៃទឹកខាងក្នុងនៃកោះហួងយ៉ានតៅ (Huangyan Dao) ក្នុងតំបន់សមុទ្រចិនខាងត្បូង នេះបើតាមវីដេអូស្រាវជ្រាវកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ។
តាមការពិនិត្យបឋម របកគំហើញដែលរកឃើញតាំងពីខែសីហា ឆ្នាំ២០២៥ នេះ មានអាយុកាលកកើតយ៉ាងហោចណាស់ ៣,២០០ឆ្នាំមកហើយ និងជាទីតាំងអេកូឡូស៊ីសម្បូរបែបដោយមានផ្កាថ្ម ១៦៥ប្រភេទ, ត្រី ១៨៤ប្រភេទ និងសត្វសមុទ្រជាង ២,៧០០ប្រភេទ រហូតធ្វើឱ្យចិនសម្រេចបង្កើតជាតំបន់ការពារធម្មជាតិជាតិ កាលពីខែកញ្ញា ឆ្នាំ២០២៥ ។
ទោះជាយ៉ាងណាក្ដី របកគំហើញវិទ្យាសាស្ត្រនេះ បានកើតឡើងនៅលើដែនកោះជម្លោះដ៏ស្រួចស្រាវមួយ ដែលអន្តរជាតិស្គាល់ថាជា កោះស្ការបូរ៉ូកស្យូល (Scarborough Shoal) ខណៈហ្វីលីពីនហៅថា បាខូ ដឺ ម៉ាស៊ីនឡុក (Bajo de Masinloc) ដែលកំពុងត្រូវបានទាមទារសិទ្ធិគ្រប់គ្រងយ៉ាងតឹងសរសៃករវាងប្រទេសទាំងពីរ ។
បច្ចុប្បន្ន ចិនបានព្យាយាមពង្រឹងការគ្រប់គ្រងទីនោះដោយផ្អែកលើ «សិទ្ធិប្រវត្តិសាស្ត្រ» ក្នុងខ្សែបន្ទាត់ប្រាំបួនចំណុច ខណៈភាគីហ្វីលីពីន តវ៉ាថាកោះនេះស្ថិតក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន បើទោះបីជាមានការសម្រេចក្តីពីស្ថាប័នច្បាប់អន្តរជាតិកាលពីឆ្នាំ២០១៦ ក៏ដោយ ក៏ទីក្រុងប៉េកាំងនៅតែបន្តទាត់ចោលសាលក្រមនោះដដែល ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.