ព័ត៌មានអន្តរជាតិ

តម្លៃទុរេននៅម៉ាឡេស៊ី ធ្លាក់ចុះរហូតដល់កម្រិតទាបបំផុត ដោយសារតែមានការផ្គត់ផ្គង់ហួសតម្រូវការ

image

ម៉ាឡេស៊ី៖ វិស័យកសិពាណិជ្ជកម្មនៅក្នុងប្រទេសម៉ាឡេស៊ី កំពុងជួបប្រទះវិបត្តិផ្គត់ផ្គង់ហួសតម្រូវការយ៉ាងគំហុក នៅក្នុងខែមិថុនានេះ ដែលបណ្ដាលមកពីការប្រមូលផលទុរេនបានច្រើនលើសលប់ក្នុងពេលតែមួយពីបណ្ដារដ្ឋធំៗ ដូចជារដ្ឋភេរ៉ាក់ (Perak) ប៉េណាំង (Penang) និងចូហ័រ (Johor) ដែលធ្វើឱ្យតម្លៃទុរេនធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ និងរំពឹងថានឹងបន្តអូសបន្លាយរហូតដល់ខែសីហា ។

 

យោងតាមការចុះផ្សព្វផ្សាយរបស់ភ្នាក់ងារព័ត៌មានអន្តរជាតិ ឱ្យដឹងថា តម្លៃទុរេនលំដាប់ថ្នាក់ខ្ពស់ប្រភេទ មូសាំងឃីង (Musang King) បានដាំក្បាលចុះរហូតដល់ ៩០ ភាគរយ ដោយលក់ក្នុងតម្លៃទាបបំផុតត្រឹមតែ ៩ រីងហ្គីត ឬប្រហែល ២,២ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈពូជល្បីៗផ្សេងទៀត ត្រូវបានលក់ក្នុងតម្លៃត្រឹមតែ ២ រីងហ្គីតក្នុងមួយផ្លែប៉ុណ្ណោះ ។

 

លោក អេរីក ឆាន់ (Eric Chan) ប្រធានសមាគមអ្នកផលិតទុរេន បានពន្យល់ពីមូលហេតុសេដ្ឋកិច្ចថា ការធ្លាក់ថ្លៃនេះ គឺដោយសារតែផ្លែធុរេនមួយភាគធំមិនគ្រប់ស្តង់ដារតម្រូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ជាទីផ្សារធំបំផុតដែលក្ដាប់ចំណែករហូតដល់ ៦០ ភាគរយ នៃការនាំចេញទុរេនសរុបរបស់ម៉ាឡេស៊ី ដែលមានតម្លៃប្រមាណ ១,៥ ពាន់លានរីងហ្គីតប្រចាំឆ្នាំ។ ទោះជាយ៉ាងណាក្ដី ទុរេនលំដាប់ថ្នាក់ខ្ពស់ដែលគ្រប់ស្តង់ដារនាំចេញ នៅតែរក្សាតម្លៃលំនឹងចន្លោះពី ៣០ ទៅ ៤០ រីងហ្គីតដដែល ។

 

ដើម្បីជួយស្រូបយកផលិតផលកសិកម្មដែលលើសតម្រូវការ និងការពារផលប្រយោជន៍របស់កសិករ អាជ្ញាធរអភិវឌ្ឍន៍ទីផ្សារកសិកម្មសហព័ន្ធ (FAMA) បានចូលអន្តរាគមន៍ក្នុងទីផ្សារ ដោយបានកំណត់តម្លៃធានាទាបបំផុត ត្រឹម ២,៧ រីងហ្គីត ព្រមទាំងបានសហការជាមួយសហគ្រិនក្នុងស្រុកប្រមូលទិញទុរេនបានចំនួន ១,១៩៩ តោន ដែលមានតម្លៃសរុប ៣,២៨ លានរីងហ្គីត។

 

ទន្ទឹមនឹងនេះ អាជ្ញាធរនៅក្នុងរដ្ឋប៉េណាំង ដែលដឹកនាំដោយលោក រ៉ាស៊ីឌី ហ្ស៊ីណុល (Rashidi Zinol) ប្រធានគណៈកម្មាធិការអភិវឌ្ឍន៍ជនបទ សហគ្រិនភាព និងពាណិជ្ជកម្មរដ្ឋ ក៏កំពុងរៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីស្វែងរកដំណោះស្រាយជួយដល់ក្រុមអ្នកនាំចេញ ដែលកំពុងប្រឈមមុខនឹងឧបសគ្គផ្នែកភស្តុភារ និងការកើនឡើងនៃតម្លៃដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងបំណងជួយរុញច្រានផលិតផលទុរេនក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិឱ្យបានកាន់តែលឿន ។

 

ស្ថានភាពទីផ្សារនេះ បានក្លាយជាលាភសំណាងដ៏ធំធេងសម្រាប់អ្នកប្រើប្រាស់ និងភ្ញៀវទេសចរបរទេស ដូចជាភ្ញៀវមកពីប្រទេសសិង្ហបុរីជាដើម ដែលបានសម្រុកមកទិញទុរេនក្នុងតម្លៃថោក ខណៈបណ្តាញសង្គម ជន់ជោរដោយវីដេអូផ្សព្វផ្សាយលក់បញ្ចុះតម្លៃរបស់អាជីវករ ដែលជំរុញឱ្យតូបលក់ខ្លះអាចរំដោះស្តុក និងអាចលក់ទុរេនរហូតដល់ទៅ ៣ តោនក្នុងមួយថ្ងៃៗ ៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ VN Express International | រូបភាព៖ Reuters/ (SIN CHEW DAILY/ASIA NEWS NETWORK)/ IMAGO via Reuters/ THE STAR.