ក្រសួងពាណិជ្ជកម្ម ចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព ដើម្បីលើកកម្ពស់អត្តសញ្ញាណផលិតផលខ្មែរ និងពង្រឹងការការពារកម្មសិទ្ធិបញ្ញា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ដែលចាត់ទុកជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែមផលិតផលកសិកម្ម និងជំរុញការទទួលស្គាល់អត្តសញ្ញាណផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយទាំងក្នុង និងក្រៅប្រទេស។
ការចុះបញ្ជីម៉ាកសមូហភាពនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្ម ក្នុងការគាំទ្រផលិតផលក្នុងស្រុកដែលមានប្រភពច្បាស់លាស់ គុណភាពល្អ និងមានកេរ្តិ៍ឈ្មោះនៅលើទីផ្សារ។ ជាពិសេស វាជួយបង្កើនការការពារសិទ្ធិរបស់ក្រុមផលិតករ និងទប់ស្កាត់ការប្រើប្រាស់ឈ្មោះផលិតផលដោយគ្មានការអនុញ្ញាត ដែលអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងតម្លៃទីផ្សាររបស់ផលិតផល។
ក្រសួងពាណិជ្ជកម្មបានលើកឡើងថា ការទទួលបានម៉ាកសមូហភាព នឹងជួយឱ្យផលិតផល «ទុរេនបែកអន្លូង» មានភាពខុសប្លែក និងអាចកំណត់អត្តសញ្ញាណបានច្បាស់លាស់នៅលើទីផ្សារ ខណៈអ្នកប្រើប្រាស់ក៏មានទំនុកចិត្តកាន់តែខ្ពស់ចំពោះប្រភព និងគុណភាពផលិតផលផងដែរ។
ជាមួយគ្នានេះ ការចុះបញ្ជីម៉ាកសមូហភាពក៏នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា បង្កើនឱកាសពង្រីកទីផ្សារ និងជំរុញការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លើសពីនេះ វានឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ សហគមន៍ផលិតករ និងអាជីវករទុរេននៅតំបន់បែកអន្លូង ខេត្តកំពង់ចាម។
ម៉ាកសមូហភាព គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការពារផលិតផលក្នុងស្រុក និងលើកកម្ពស់តម្លៃពាណិជ្ជកម្ម ព្រោះវាអនុញ្ញាតឱ្យសមាជិកនៃសហគមន៍ ឬសមាគមប្រើប្រាស់ម៉ាករួមមួយ ដែលធានាបាននូវស្តង់ដារ គុណភាព និងប្រភពដើមស្របតាមលក្ខខណ្ឌដែលបានកំណត់។
សមិទ្ធផលនេះ ក៏ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក ពង្រឹងខ្សែច្រវាក់ផលិតកម្ម និងបង្កើនភាពប្រកួតប្រជែងនៃផលិតផលកម្ពុជា នៅក្នុងបរិបទសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក។
គួរបញ្ជាក់ថា «ទុរេនបែកអន្លូង» គឺជាផលិតផលកសិកម្មមួយដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅក្នុងខេត្តកំពង់ចាម ដោយសាររសជាតិឆ្ងាញ់ ក្លិនឈ្ងុយពិសេស និងគុណភាពល្អ ដែលទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ជាយូរមកហើយ។ ការចុះបញ្ជីជាម៉ាកសមូហភាពនាពេលនេះ ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការលើកកម្ពស់តម្លៃ និងកេរ្តិ៍ឈ្មោះផលិតផលកម្ពុជា ឱ្យកាន់តែរឹងមាំនៅលើទីផ្សារជាតិ និងអន្តរជាតិ៕