ម្ចាស់ហាង កាកាសាឡន នៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់លើស្ត្រីមេម៉ាយមួយរូប
បន្ទាយមានជ័យ៖ ម្ចាស់ហាង កាកាសាឡន នៅក្រុងប៉ោយប៉ែត ដែលមានឈ្មោះថា គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ចាប់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល និងនៅចំណុចហាង កាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន។
ក្រោយទទួលបានបណ្តឹង កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង ៣០សង់ទីម៉ែត្រ ចំនួន ១ដើម នៅចំណុចហាងកាកាសាឡន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
បើតាមសមត្ថកិច្ច បានឱ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះ ដើម្បីយកប្រាក់ឈ្នួល។ ក្រោយមកក៏បានសុំជនសង្ស័យ ស្នាក់នៅជាមួយដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នារាប់អានគ្នាដូចម្តាយកូនអស់រយៈពេលជាង៣ឆ្នាំមកហើយ។
ស្រាប់តែមានថ្ងៃមួយ ជនជាតិចិនដែលជាសង្សារជនសង្ស័យ បានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យ។ ពេលនោះ ជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន ៣គ្រឿង ធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរសព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរសព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន ២០០,០០០រៀល(ម្ភៃម៉ឺន)រៀល ស្រាប់តែថៅកែស្រី(ជនសង្ស័យ) បានដឹងថា ជនរងគ្រោះលួចទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើវាយទៅលើជនរងគ្រោះ បណ្ដាលឱ្យររបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោមកគំរាមកាត់ម្រាមដៃជើងរបស់ជនរងគ្រោះ ហើយថែមទាំងគំរាមមិនឱ្យចេញក្រៅផ្ទះទៀតផង។
ក្រោយមកនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះ បានមានឱកាសឡើងលើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាងហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោម បានជិះម៉ូតូឌុបទៅផ្ទះប្អូនស្រីនៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាព ថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សាដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះ យកទូរសព្ទដែលជនជាតិចិន ជាសង្សារបស់ខ្លួនយកទៅលក់យកលុយ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕