សង្គម

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធបើកជាផ្លូវការឱ្យសាធារណជនចូលទស្សនា «សារមន្ទីរព្រះវិហារអដ្ឋរស្ស»

image


កណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកជាផ្លូវការឱ្យសាធារណជនចូលទស្សនា «សារមន្ទីរព្រះវិហារអដ្ឋរស្ស» ស្ថិតនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ (ភ្នំឧដ្តុង្គ) ក្នុងភូមិជ័យឧត្តម ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ព្រះវិហារអដ្ឋរស្ស គឺជាទីសក្ការបូជាដ៏មានតម្លៃខាងប្រវត្តិសាស្ត្រ និងព្រះពុទ្ធសាសនា ដែលត្រូវបានសាងសង់ឡើងដំបូងនៅសតវត្សរ៍ទី១៧ ក្នុងសម័យឧដ្តុង្គ លើគ្រឹះប្រាសាទបុរាណសតវត្សរ៍ទី១១ នាសម័យអង្គរ ក្នុងរចនាបថឃ្លាំង។ ព្រះវិហារនេះមានបណ្តោយ ៣៩,២ម៉ែត្រ ទទឹង ២២,៣ម៉ែត្រ និងកម្ពស់ ២៣,៦ម៉ែត្រ។ នៅខាងក្នុងមានព្រះពុទ្ធរូបដ៏ធំមួយអង្គ កម្ពស់ ១៨ហត្ថ ឬប្រមាណ ១៦,៧៩ម៉ែត្រ (រាប់ទាំងបល្ល័ង្គ) ដែលជាមូលហេតុនាំឱ្យព្រះវិហារនេះមានឈ្មោះថា «ព្រះវិហារអដ្ឋរស្ស»។

ឆ្លងកាត់សង្គ្រាម និងការប្រែប្រួលជាច្រើនក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រះវិហារអដ្ឋរស្សបានទទួលរងការខូចខាត និងជួសជុលជាបន្តបន្ទាប់។ ក្រោយមក រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់គម្រោងជួសជុល និងអភិរក្សព្រះវិហារនេះឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រហូតការងារជួសជុលត្រូវបានបញ្ចប់ទាំងស្រុង។ ដើម្បីអភិរក្ស និងផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ជាតិ ព្រះវិហារនេះត្រូវបានរៀបចំឱ្យក្លាយជាសារមន្ទីរ ដោយដាក់តាំងបង្ហាញប្រតិមាព្រះពុទ្ធ ទេពប្រណម្យ វត្ថុសាសនា និងវត្ថុបុរាណដ៏មានតម្លៃជាច្រើន ដែលមានប្រភពពីចេតិយព្រះបាទអង្គអេង ព្រះបាទអង្គសត្ថា ព្រមទាំងវត្ថុបុរាណពីសម័យឧដ្តុង្គ។

ការបើកសម្ពោធសារមន្ទីរព្រះវិហារអដ្ឋរស្សនេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌវប្បធម៌ និងព្រះពុទ្ធសាសនា ដែលជាមូលដ្ឋានគ្រឹះនៃអត្តសញ្ញាណជាតិ។ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានបន្តជំរុញការអភិរក្ស ស្រាវជ្រាវ និងការពារវត្ថុបុរាណជាកេរដំណែលដូនតា ព្រមទាំងបំផុសស្មារតីប្រជាពលរដ្ឋ ជាពិសេសយុវជន ឱ្យចូលរួមស្វែងយល់ ថែរក្សា និងបន្តអភិរក្សមរតកវប្បធម៌ដ៏មានតម្លៃទាំងនេះ ទុកជាសម្បត្តិសម្រាប់កូនចៅជំនាន់ក្រោយ៕