ACU ទទួលបានពាក្យប្តឹងចំនួនជាង ២០០ ក្នុងឆមាសទី១ ឆ្នាំ២០២៦
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលពាក្យប្ដឹងចំនួន ២៣៤ ក្នុងនោះពាក្យប្ដឹងអនាមិកមានចំនួនជិត៥០ នៅក្នុងឆមាសទី១ ឆ្នាំ២០២៦។ នេះបើយោងតាមរបាយការណ៍របស់អង្គភាពប្រឆាំងអពើពុករលួយ ដែលបានយកមកពិភាក្សាក្នុងប្រជុំលើកទី១១ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពង់សម្ដេចកិត្តិស ង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្នុងរបាយការណ៍ដែលបានអានដោយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ក្នុងចំណោមពាក្យប្ដឹងចំនួន ២៣៤ មានពាក្យប្តឹងអនាមិកមាន ចំនួន ៤៩, ពាក្យប្តឹងចំនួន ៨ មិនពាក់ព័ន្ធអំពើពុករលួយ, ពាក្យប្តឹងចំនួន ៥៤ បានចាត់ឱ្យបំភ្លឺ, ពាក្យប្តឹងចំនួន ៩៧ ក្រោយវិភាគ-ស្រាវជ្រាវ-សុំការបំភ្លឺ មិនពាក់ព័ន្ធអំពើពុករលួយ និងកំពុងបន្តស្រាវជ្រាវ និងប្រមូលព័ត៌មានបន្ថែម ចំនួន ៦០ពាក្យប្តឹង។ រីឯការអន្តរាគមន៍ឱ្យជួយដោះស្រាយមាន ៤ពាក្យប្តឹង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ១១សំណុំរឿង។ ចំណែកនៅក្នុងខែមិថុនា ACU ក៏បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៥២ពាក្យប្ដឹង ផងដែរ។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ក៏បានឱ្យដឹងដែរថា គិតទាំងការប្រកាសទ្រព្រសម្បត្តិ និងបំណុលតាមរបប ២ឆ្នាំ (១៩ ៤៧២រូប) តែងតាំងថ្មី (៣៥៣រូប) លាឈប់ ចប់អាណត្តិ (៣៣៨រូប) បញ្ឈប់ពីតំណែង (១២រូប) ចូលនិវត្តន៍ (៣៣៩រូប) សរុបអ្នកបានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងឆមាសទី១ ឆ្នាំ២០២៦ មាន (២០ ៥២១រូប)។ ចំណែកក្នុងខែមិថុនា មន្ដ្រីចំនួន ១៦៤រូប បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន ៤៩រូប និង ១១៥រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ដោយមូលហេតុលាឈប់ ចូលនិវត្តន៍ និងចប់អាណត្តិ។
ដោយឡែកចំពោះការងារអប់រំ ផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជាក់ថា ក្នុងឆមាសទី១ ACU បានផ្សព្វផ្សាយតាមការធ្វើបទឧទ្ទេសនាមដោយផ្ទាល់ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការថ្នាក់ជាតិ ក្រោមជាតិ សិស្ស និស្សិត និងកម្មសិក្សាការី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងគ្រឹះស្ថាន បណ្តុះបណ្តាលសាធារណៈ ចំនួន ១៤លើក ដោយមានចែកជូននូវឯកសារអប់រំ ដល់អ្នកចូលរួមចំនួន ៤ ២៦៤នាក់ ផ្សព្វផ្សាយតាមរយៈសោតទស្សន៍ ១៩ឃ្លីបវីដេអូ និងផ្ទាំងរូបភាពអប់រំ ៧៨ផ្ទាំងរូបភាព, ត្រៀមផែនការសម្រាប់យុទ្ធ នាការចុះផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ សម្រាប់ឆ្នាំ២០២៦។
ចំពោះការងារបង្ការ និងទប់ស្កាត់អំពើពុករលួយ ក្នុងឆមាសទី១ ACU បានចូលរួមពង្រឹងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ, ចូលរួមកៀរគរចំណូលរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័នផ្សេងៗ, ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ច សហប្រតិបត្តិការរវាង អ.ប.ព. និងក្រុមហ៊ុន Charles River Laboratories (Cambodia) ដែលនាំឱ្យចំនួនអនុស្សរណៈសរុបកើនដល់ ១០៧។
លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានឱ្យដឹងដែរថា ACU ចេញលិខិតព្រមាន ៧លិខិតព្រមាន, ចូលរួមសង្កេតការណ៍ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ និងការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា តាមក្រសួង-ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ព្រមទាំងការប្រឡងជ្រើសរើសឱ្យចូលសិក្សាតាមគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈចំនួន ១០លើក នៃក្រសួង-ស្ថាប័ន ចំនួន៧, បានពិនិត្យឯកសារដេញថ្លៃចំនួន ៧៤១ គម្រោង និងត្រៀមផែនការការងារសម្រាប់ចូលរួមសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំ២០២៦៕