ព័ត៌មានអន្តរជាតិ

ជនជាតិអូស្ត្រាលីម្នាក់ ត្រូវចាប់ខ្លួននៅព្រលានយន្តហោះសុវណ្ណភូមិ ក្រោយសម្លាប់ក្មេងស្រីអាយុ ១៧ឆ្នាំ ញាត់ចូលវ៉ាលីនៅប៉ាតាយ៉ា ជុំវិញជម្លោះដណ្តើមលុយថ្លៃសេវាផ្លូវភេទ

image


ថៃឡង់ដ៍៖ ភ្នាក់ងារព័ត៌មាន CNN បានចុះផ្សាយថា មានការស្ទាក់ចាប់ខ្លួនជនសង្ស័យជនជាតិអូស្ត្រាលីម្នាក់ ឈ្មោះ សាយម៉ុន ភីធឺ ខាមេន (Simon Peter Carman) អាយុ ៤៦ ឆ្នាំ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅឯព្រលានយន្តហោះសុវណ្ណភូមិ ក្នុងទីក្រុងបាងកក ជុំវិញករណីសម្លាប់ក្មេងស្រីរងគ្រោះអាយុ ១៧ ឆ្នាំម្នាក់ រួចញាត់ចូលក្នុងវ៉ាលីយកទៅបោះចោល ។

ជនសង្ស័យមានស្រុកកំណើតនៅទីក្រុងបាឡារ៉ាត់ (Ballarat) ប្រទេសអូស្ត្រាលី ត្រូវគេរកឃើញថាមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើក្មេងស្រីរងគ្រោះឈ្មោះ ថាន់ឆាណុក ដុនហុមឡា (Thanchanok Donhomla) អាយុ ១៧ ឆ្នាំ បន្ទាប់ពីកាមេរ៉ាសុវត្ថិភាព ចាប់បានរូបភាពពួកគេដើរចូលខុនដូរួមគ្នា កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ហើយ ១៨ ម៉ោងក្រោយមក ជនសង្ស័យបានដើរចេញមកវិញតែម្នាក់ឯង ដោយអូសវ៉ាលីពណ៌ខ្មៅធំមួយ ។

រហូតដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ សមត្ថកិច្ចបានរកឃើញវ៉ាលីនោះ ត្រូវគេយកទៅបោះចោលនៅក្នុងព្រៃក្បែរផ្លូវរថភ្លើងក្នុងទីក្រុងប៉ាតាយ៉ា (Pattaya) ដោយនៅខាងក្នុងនោះ មានសាកសពអាក្រាតកាយដែលជាសពរបស់ជនរងគ្រោះ ដែលមានរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ ខណៈដើមចមនៃការសម្លាប់នេះ ត្រូវសមត្ថកិច្ចបង្ហើបថា បណ្តាលមកពីជម្លោះដណ្តើមលុយថ្លៃសេវាផ្លូវភេទ ដោយជនសង្ស័យឱ្យលុយទៅជនរងគ្រោះត្រឹមតែ ៥០០ បាតប៉ុណ្ណោះ ។

ទោះជាយ៉ាងណាក្ដី ជនសង្ស័យ បានឆ្លើយដោះសារថាខ្លួនធ្វើនេះដើម្បីការពារខ្លួន ដោយសារតែក្មេងស្រីរងគ្រោះ បានយកកាំបិតមកគំរាមធ្វើបាប ទើបជ្រុលដៃច្របាច់កឱ្យស្លាប់ រួចក៏ភ័យស្លន់ស្លោញាត់សាកសពចូលវ៉ាលី ហើយព្យាយាមរត់គេចខ្លួនតាមជើងហោះហើរ ជេតស្តារ (Jetstar) ទៅកាន់ប្រទេសអូស្ត្រាលី ប៉ុន្តែត្រូវសមត្ថកិច្ចស្ទាក់ចាប់ខ្លួនបានភ្លាមៗ ព្រមទាំងរកឃើញស្នាមឆ្កូតពេញខ្លួន ដែលរូបគេភូតកុហកថាជាសត្វពីងពាងខាំ ។

បច្ចុប្បន្ន លោក ខាមេន កំពុងត្រូវឃុំខ្លួននៅតុលាការខេត្តប៉ាតាយ៉ា ដោយត្រូវប្រឈមមុខនឹងបទចោទប្រកាន់ធ្ងន់ធ្ងរចំនួន ៤ ករណី រួមទាំងបទមនុស្សឃាតដោយគិតទុកជាមុន ដែលអាចប្រឈមនឹងទណ្ឌកម្មអតិបរមាគឺការប្រហារជីវិត ឬជាប់ពន្ធនាគារមួយជីវិត ស្របពេលក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ បានបង្ហាញភាពក្តុកក្តួល និងទាមទារដាច់ខាតឱ្យតុលាការថៃអនុវត្តទោសប្រហារជីវិតលើជនដៃដល់រូបនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNN/ Others | រូបភាព៖ Facebook Joice Xbz.