បុគ្គលិកអាកាសចរណ៍ Thai Airways ត្រូវចាប់ខ្លួនពីបទរត់ពន្ធថ្នាំញៀនហេរ៉ូអ៊ីន ១គីឡូក្រាម ចូលក្នុងទឹកដីអូស្ត្រាលី
ថៃឡង់ដ៍៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways កាលពីថ្ងៃចន្ទ បានប្រកាសបើកការស៊ើបអង្កេតវិន័យជាបន្ទាន់មួយលើបុគ្គលិកបម្រើការលើយន្តហោះជានារីម្នាក់ បន្ទាប់ពីនាងត្រូវអាជ្ញាធរអូស្ត្រាលីឃាត់ខ្លួននៅព្រលានយន្តហោះ ម៉ែលប៊ន (Melbourne) ពីបទសង្ស័យរត់ពន្ធថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ។
លោក ឆៃ អៀមស៊ីរី (Chai Eamsiri) នាយកប្រតិបត្តិក្រុមហ៊ុន ថៃ អ៊ែរវ៉េ បានបញ្ជាក់ថា ក្រុមហ៊ុនទទួលបានព័ត៌មានតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ថាបុគ្គលិកស្រីអាយុ ២៦ ឆ្នាំរូបនេះ ត្រូវសមត្ថកិច្ចអូស្ត្រាលីឃាត់ខ្លួនភ្លាមៗ ក្នុងពេលដែលនាងកំពុងបំពេញការងារលើជើងហោះហើរលេខ TG465 បន្ទាប់ពីសត្វឆ្កែហិតក្លិន បានរកឃើញភាពមិនប្រក្រតី ។
យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលសហព័ន្ធអូស្ត្រាលី បានថ្លែងប្រាប់ AFP ថា អាជ្ញាធរបានរកឃើញថ្នាំញៀនប្រភេទហេរ៉ូអ៊ីន (Heroin) ទម្ងន់ជាង ១ គីឡូក្រាម ដែលបានលាក់បំពួនយ៉ាងជិតនៅផ្នែកខាងក្នុងនៃកាបូបយួរដៃ ចំនួន ១២ កាបូបរបស់នាង ដោយគ្រឿងញៀនទាំងនោះមានតម្លៃនៅលើទីផ្សារងងឹតរហូតដល់ទៅ ៥០០,០០០ ដុល្លារអូស្ត្រាលី (ប្រហែល ៣៣៥,០០០ ដុល្លារអាមេរិក) ។
ជុំវិញរឿងអាស្រូវដ៏ធំនេះ លោក ឆៃ អៀមស៊ីរី បានបញ្ជាឱ្យបង្កើតគណៈកម្មការវិន័យភ្លាមៗ ដោយសង្កត់ធ្ងន់ថា ប្រសិនបើមានភស្តុតាងបញ្ជាក់ថា នាងពិតជាបានប្រព្រឹត្តខុសមែននោះ ក្រុមហ៊ុននឹងបណ្តេញបុគ្គលិករូបនេះចេញពីការងារជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ព្រោះវាបានរំលោភបំពានលើច្បាប់ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ ។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍កំពុងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរទាំងក្នុងប្រទេសថៃ និងអូស្ត្រាលី ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការពេញលេញតាមផ្លូវច្បាប់ ស្របពេលដែលក្រុមហ៊ុនបានអះអាងជាថ្មីនូវគោលនយោបាយ «មិនអត់ឱនជាដាច់ខាត» ចំពោះរាល់សកម្មភាពល្មើសច្បាប់ និងគ្រឿងញៀន ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ Khaosod English/ Siam Rath