ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះ ខណៈក្រុមវិនិយោគិនផ្តោតអារម្មណ៍លើលទ្ធភាពនៃកិច្ចចរចារវាងអ៊ីរ៉ង់ និងអាមេរិក នៅក្នុងក្រុងដូហា

image


អន្តរជាតិ៖ នៅថ្ងៃអង្គារនេះ តម្លៃប្រេងឆៅបានធ្លាក់ចុះ ខណៈក្រុមវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើលទ្ធផលនៃកិច្ចចរចាដែលអាចកើតមានឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅក្នុងទីក្រុងដូហា (Doha) ទោះបីជាមានការបាញ់ប្រហារមីស៊ីលដាក់គ្នាទៅវិញទៅមកកាលពីចុងសប្តាហ៍ ដែលបានសាកល្បងទៅលើកិច្ចព្រមព្រៀងនៃបទឈប់បាញ់បណ្តោះអាសន្ន ដើម្បីបញ្ចប់សង្រ្គាមរយៈពេល ៤ ខែក៏ដោយ ។
 
តម្លៃប្រេងឆៅប្រភេទប្រេន (Brent) សម្រាប់ការដឹកជញ្ជូនក្នុងខែសីហា បានធ្លាក់ចុះជាង ១ ភាគរយ មកនៅត្រឹម ៧២.៤០ ដុល្លារក្នុងមួយបារ៉ែល នៅថ្ងៃអង្គារនេះ។ ចំណែកឯតម្លៃសម្រាប់ការដឹកជញ្ជូនក្នុងខែកញ្ញា ដែលមានសកម្មភាពជួញដូរខ្លាំងជាង បានធ្លាក់ចុះ ០.៥៤ ភាគរយ ឬ ៤០ សេន ដោយចុះមកនៅត្រឹម ៧៣.៥១ ដុល្លារក្នុងមួយបារ៉ែល។ ដោយឡែក តម្លៃប្រេងឆៅរបស់អាមេរិកប្រភេទ WTI បានធ្លាក់ចុះ ០.៦៦ ភាគរយ ឬ ៤៧ សេន មកនៅត្រឹម ៧០.៣២ ដុល្លារក្នុងមួយបារ៉ែល ។
 
លោក ធីម វ៉ធើរើរ (Tim Waterer) ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានលើកឡើងថា «ក្រុមវិនិយោគិនកំពុងរំពឹងទុក និងសង្ឃឹមលើលទ្ធផលវិជ្ជមានពីកិច្ចចរចានៅទីក្រុងដូហា បើទោះបីជាការធ្វើចរាចរណ៍ដឹកជញ្ជូនប្រេងពិតប្រាកដតាមច្រកសមុទ្រ ហ័រមូស (Hormuz) មិនទាន់ឃើញមានភាពប្រក្រតីឡើងវិញច្បាស់លាស់ក៏ដោយ» ។
 
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក កាហ្សេម ហ្គារីបាបាឌី (Kazem Gharibabadi) បានប្រាប់ទូរទស្សន៍រដ្ឋកាលពីថ្ងៃចន្ទថា ក្រុមអ្នកជំនាញរបស់អ៊ីរ៉ង់ និងអូម៉ង់ នឹងចាប់ផ្តើមការចរចាលើការកំណត់ផ្លូវដឹកជញ្ជូនឡើងវិញតាមច្រកសមុទ្រហ័រមូសក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយលោកបន្ថែមថា ប្រទេសរបស់លោកនឹងព្យាយាមរារាំងនាវាណាដែលបើកបរក្រៅផ្លូវដែលបានកំណត់។ ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អែស្មាអ៊ែល បាខៃ (Esmaeil Baghaei) និយាយថា នឹងមិនមានជំនួបចរចាកម្រិតណាមួយជាមួយភាគីអាមេរិកឡើយនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
 
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា «ជំនួបនៅក្នុងទីក្រុងដូហា អាចនឹងមានសារៈសំខាន់ ឬក៏ប្រហែលជាមិនសំខាន់ ដូចនេះ មានតែយើងនឹងរង់ចាំមើលទាំងអស់គ្នា» ។
 
ភាពមិនច្បាស់លាស់ថាតើភាគីទាំងពីរនឹងជួបគ្នាឬអត់នោះ បានបង្ហាញឱ្យឃើញពីភាពផុយស្រួយនៃកិច្ចព្រមព្រៀងកាលពីថ្ងៃទី១៧ ខែមិថុនា ដើម្បីផ្អាកការវាយប្រហារគ្នា ដែលបានធ្វើឱ្យរំខានដល់លំហូរប្រេងសកលតាមច្រកសមុទ្រហ័រមូស និងបានក្លាយជាការសាកល្បងនយោបាយសម្រាប់លោក ត្រាំ មុនការបោះឆ្នោតសភាជាតិនៅខែវិច្ឆិកា។ ជាមួយគ្នានេះ ប្រទេសអ៊ីស្រាអ៊ែល មិនបានចូលរួមក្នុងកិច្ចចរចាសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់ឡើយ ហើយបានដកខ្លួនឱ្យឆ្ងាយពីកិច្ចព្រមព្រៀងនេះ ។
 
ទន្ទឹមនឹងនេះ ទិន្នន័យដឹកជញ្ជូនបានបង្ហាញថា បណ្តាប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា កំពុងតែបន្តជំរុញការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវ (LNG) បើទោះបីជាមានការវាយប្រហារថ្មីៗលើនាវានៅច្រកសមុទ្រហ័រមូស និងការវាយប្រហារតបតគ្នារវាងអាមេរិក និងអ៊ីរ៉ង់ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះក្តី ។
 
ក្រុមអ្នកវិភាគនៃធនាគារហ្គោលម៉ាន់ សាក់ស៍ (Goldman Sachs) ព្យាករណ៍ថា លំហូរប្រេងនៅតំបន់ឈូងសមុទ្រពែក្ស នឹងអាចងើបឡើងវិញពេញលេញស្មើកម្រិតមុនសង្គ្រាម ក្នុងកម្រិត ២៣ លានបារ៉ែលក្នុងមួយថ្ងៃនៅដើមខែកក្កដាខាងមុខ បន្ទាប់ពីចរាចរណ៍កប៉ាល់ដឹកប្រេងកាលពីសប្តាហ៍មុន បានហក់ឡើងខ្ពស់បំផុត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via CNA | រូបភាព៖ (REUTERS/Pavel Mikheyev)/ Reuters.