សង្ស័យជម្លោះដណ្តើមសិទ្ធិថែទាំកូន! ខ្មាន់កាំភ្លើងម្នាក់បាញ់ប្រហារសម្លាប់មនុស្ស ៦នាក់ ក្នុងមជ្ឈមណ្ឌលគាំពារកុមារ និងមាតានៅអាល្លឺម៉ង់
អាល្លឺម៉ង់៖ ក្រុមជំនាញកោសល្យវិច័យ បានសម្រុកប្រមូលភស្តុតាងនៅកន្លែងកើតហេតុ កាលពីថ្ងៃចន្ទ នៅក្នុងមជ្ឈមណ្ឌលគាំពារកុមារ និងមាតា ក្នុងទីក្រុងស្តាដេ (Stade) ភាគខាងជើងប្រទេសអាល្លឺម៉ង់ ក្រោយមានហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស ៦ នាក់ ។
នៅក្នុងសោកនាដកម្មនេះ ជនរងគ្រោះជាស្ត្រី ៤ នាក់ និងបុរសម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈម្នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។ ជុំវិញករណីនេះ អាជ្ញាធរដឹកនាំដោយលោកស្រី កាស្រ៊ីន ស៊ូល (Kathrin Schuol) ស្នងការនគរបាលប្រចាំតំបន់ លូណេប៊ឺហ្គ (Lueneburg) សង្ស័យថា ផ្ដើមចេញពីជម្លោះដណ្តើមសិទ្ធិថែទាំកូន ។
ខ្មាន់កាំភ្លើងជាបុរសអាយុ ៤៥ ឆ្នាំ ត្រូវគេស្គាល់ថា កើតនៅអាល្លឺម៉ង់ តែមានឈាមជ័រតួកគីយេ ដោយខ្មាន់កាំភ្លើងរូបនេះ បានមកមជ្ឈមណ្ឌលនេះតាមការណាត់ជួបផ្លូវការមួយ ដើម្បីដោះស្រាយសិទ្ធិថែទាំកូនស្រីអាយុ ៣ ខែ។ ក្រោយផ្ទុះអាវុធ ជនសង្ស័យបានបើកឡានរត់គេចជាមួយសាច់ញាតិម្នាក់ តែត្រូវសមត្ថកិច្ចដេញស្ទាក់ចាប់ខ្លួនបានទាំងពីរនាក់ និងដកហូតអាវុធបានភ្លាមៗ ។
មជ្ឈមណ្ឌលកើតហេតុនេះ ស្ថិតនៅខាងលិចទីក្រុងហាំប៊ឺហ្គ (Hamburg) ដែលជាទីតាំងមនុស្សធម៌ផ្តល់កន្លែងស្នាក់នៅដល់ស្ត្រី និងអ្នកម្តាយវ័យក្មេង។ ព្រឹត្តិការណ៍បាញ់ប្រហារដ៏សាហាវនេះ បានបង្កការភ្ញាក់ផ្អើល និងក្តុកក្តួលយ៉ាងខ្លាំង ខណៈមន្ត្រីនគរបាលកំពុងបន្តនីតិវិធីស៊ើបអង្កេតយ៉ាងតឹងរ៉ឹងបំផុត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.