ព័ត៌មានអន្តរជាតិ

អវកាសយានិកចិន សិនចូវ-២៣ ដុតល្ពៅហូបនៅលើគន្លងតារាវិថី អំឡុងបេសកកម្មនៅក្នុងទីអវកាស

image


 
ចិន៖ ក្រុមអវកាសយានិកចិននៃបេសកកម្ម សិនចូវ-២៣ (Shenzhou-23) បានបំពេញភារកិច្ចរយៈពេលមួយខែដំបូងរបស់ពួកគេនៅលើស្ថានីយអវកាស ធៀនកុង (Tiangong) ដែលស្ថិតនៅចម្ងាយជាង ៤០០ គីឡូម៉ែត្រពីភពផែនដី ដោយបានបង្ហាញពីសកម្មភាពប្រចាំថ្ងៃ ដូចជាការហ្វឹកហាត់ ការធ្វើពិសោធន៍ និងការសម្របខ្លួនទៅនឹងជីវិតលើលំហអាកាស ដូចការដុតល្ពៅហូបជុំគ្នាយ៉ាងប្លែកភ្នែក នៅលើគន្លងតារាវិថី គិតចាប់តាំងពីការបង្ហោះចេញពីមជ្ឈមណ្ឌល ជិវឈាន (Jiuquan) កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ។
 
នៅក្នុងបេសកកម្មនេះ មេបញ្ជាការ លោក ជូ យ៉ាងជូ (Zhu Yangzhu) រួមជាមួយសមាជិកថ្មីពីររូបគឺ លោក ចាង ជីយាន (Zhang Zhiyuan) និងលោកស្រី លី ជាយីង (Li Jiaying) បានប្រើប្រាស់ឧបករណ៍ឆ្លុះអេកូអ៊ុលត្រាសោន (Ultrasound) ដើម្បីពិនិត្យលំហូរឈាម និងការប្រែប្រួលសាច់ដុំរបស់គ្នាទៅវិញទៅមកក្នុងស្ថានភាពគ្មានទំនាញផែនដី ព្រមទាំងបានធ្វើតេស្តបញ្ជារ៉ូបូតអវកាស ដើម្បីពង្រឹងសមត្ថភាពចលនារបស់ប្រព័ន្ធស្វ័យប្រវត្តក្នុងគន្លងអវកាស ។
 
ការពិសោធន៍វិទ្យាសាស្ត្រកម្រិតខ្ពស់ទាំងអស់នេះ គឺស្ថិតនៅក្នុងផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ទីក្រុងប៉េកាំង ក្នុងការប្រែក្លាយស្ថានីយអវកាស ធៀនកុង (Tiangong) ឱ្យទៅជាមូលដ្ឋានទ័ពបច្ចេកវិទ្យាសម្រាប់ការបំពេញបេសកកម្មផ្លូវឆ្ងាយ, ថែទាំឧបករណ៍ដោយស្វ័យប្រវត្ត និងត្រៀមលក្ខណៈសម្រាប់ការឈានទៅរុករកតំបន់អវកាសដែលឆ្ងាយខ្លាំងពីភពផែនដី នាពេលអនាគត។
 
ព្រឹត្តិការណ៍នេះ ជាជំហានប្រវត្តិសាស្ត្រថ្មីមួយសម្រាប់កម្មវិធីអវកាសចិន ដោយសារតែសមាជិកម្នាក់នៃយាន សិនចូវ-២៣ (Shenzhou-23) ត្រូវបានគេគ្រោងឱ្យស្នាក់នៅលើស្ថានីយអវកាសនេះរហូតដល់ទៅរយៈពេល ១ ឆ្នាំពេញ ដែលជាការស្នាក់នៅដ៏វែងបំផុតមិនធ្លាប់មាន ដើម្បីប្រមូលទិន្នន័យសំខាន់ៗអំពីផលប៉ះពាល់ផ្នែករាងកាយ និងតម្រូវការផ្សេងៗរបស់អវកាសចរនៅពេលត្រូវរស់នៅក្នុងលំហអាកាសក្នុងរយៈពេលយូរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.