ព័ត៌មានជាតិ

កម្ពុជា ស្នើឱ្យចិន ពន្លឿនការអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ

image

ប៉េកាំង៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានស្នើដល់ទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ (CIDCA) ឱ្យជួយពន្លឿននីតិវិធីអនុម័តហិរញ្ញប្បទាននៅជំហានបន្ទាប់ឱ្យបានឆាប់រហ័ស សម្រាប់គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ខណៈភាគីចិនបានប្រកាសគាំទ្រជាផ្លូវការចំពោះគម្រោងយុទ្ធសាស្ត្រមួយនេះ។

ការស្នើឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងគណៈគ្រប់គ្រងជាន់ខ្ពស់នៃ CIDCA ដឹកនាំដោយលោក Chen Xiaodong ប្រធានទីភ្នាក់ងារ CIDCA នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល CIDCA ក្នុងរដ្ឋធានីប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិនិត្យវឌ្ឍនភាព និងជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដែលភាគីទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) នាពេលកន្លងមក សំដៅបម្រើដល់ផលប្រយោជន៍សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ក្នុងចំណោមគម្រោងទាំងនោះ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានលើកយកមកពិភាក្សាជាពិសេស ដោយភាគីចិនបានប្រកាសគាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាតាមបណ្តោយគម្រោងនេះ តាមរយៈការផ្តល់ឥណទានសម្បទាន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើឱ្យ CIDCA ជួយពន្លឿនរាល់នីតិវិធីពាក់ព័ន្ធនឹងការអនុម័តហិរញ្ញប្បទាន ដើម្បីឱ្យគម្រោងអាចឈានទៅកាន់ដំណាក់កាលអនុវត្តបានឆាប់រហ័ស ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ត្រូវបានចាត់ទុកជាគម្រោងយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលមានគោលបំណងលើកកម្ពស់ការគ្រប់គ្រងធនធានទឹក ប្រព័ន្ធធារាសាស្ត្រ ការការពារទឹកជំនន់ សម្រួលដល់ការដឹកជញ្ជូនទំនិញ និងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចរបស់កម្ពុជា។

ក្រៅពីគម្រោងនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីគម្រោងស្តារឡើងវិញផ្លូវជាតិលេខ៣ នៅតំបន់វាលរេញ គម្រោងកែលម្អផ្លូវជាតិលេខ៧ ពីខេត្តក្រចេះទៅខេត្តស្ទឹងត្រែង និងគម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងខេត្តព្រះសីហនុផងដែរ។

ជំនួបនេះបានបង្ហាញពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងចិន ជាពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់សេដ្ឋកិច្ច ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា៕