ព័ត៌មានជាតិ

លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP)

image

ម៉ុងហ្គោលី៖​ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ លោក សុខ សូកេន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានវេទិកាយុវជន ICAPP និងជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៤៥ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (45th ICAPP Standing Committee Meeting) ដែលដឹកនាំដោយ លោក Chung Eui-yong ប្រធានអង្គការ ICAPP និងជាអតីតរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំនេះត្រូវបានរៀបចំដោយគណបក្សប្រជាជនម៉ុងហ្គោលី ចាប់ពីថ្ងៃទី២៥-២៨ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងអ៊ូឡង់បាទ័រ ដែលមានការចូលរួមដោយផ្ទាល់ និងអនឡាញពីគណបក្សនយោបាយចំនួន២១ មកពី១៧ប្រទេស។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍បានពិភាក្សាអំពីស្ថាប័នូបនីយកម្ម ICAPP ដើម្បីពង្រឹង និងពង្រីកសក្តានុពលរបស់ ICAPP ឱ្យកាន់តែមានវិសាលភាពទូលំទូលាយ និងជាក់ស្តែង ដែលជាមូលដ្ឋាននៃការកសាងជំនឿទុកចិត្តដ៏សំខាន់របស់ ICAPP ដើម្បីទ្វីបអាស៊ីមានសន្តិភាព និងវិបុលភាពរួម។ គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចរៀបចំកិច្ចសន្ទនាគណបក្សនយោបាយអន្តរទ្វីបលើកទី១, កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍លើកទី៤៦, វេទិកាសារព័ត៌មាន ICAPP លើកទី៨ និងមហាសន្និបាតលើកទី១៣ មុននឹងដំណាច់ឆ្នាំ២០២៦ នៅសាធារណរដ្ឋកូរ៉េ និងវេទិកាយុវជន ICAPP លើកទី៨ នៅដើមឆ្នាំ២០២៧ នៅប្រទេស ម៉ុងហ្គោលី ដោយបន្តគាំទ្រ​ លោក Uchral Nyam-Osor នាយករដ្ឋមន្ត្រី នៃប្រទេសម៉ុងហ្គោលី ជាប្រធាន និងមានលោក សុខ សូកេន ជាអនុប្រធាននៃវេទិកាយុវជន ICAPP។

កិច្ចពិភាក្សាពិសេសនៃគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP ស្តីពី «ការផ្លាស់ប្តូរនៅអាស៊ីក្នុងយុគសម័យ ឌីជីថល៖ បញ្ហាប្រឈមនៃបញ្ញាសិប្បនិម្មិត (AI)» មានការអញ្ជើញចូលរួមពីវាគ្មិនចំនួន ១៦រូប មកពីប្រទេស កម្ពុជា ប៉ាគីស្ថាន ស្រីលង្កា អ៊ូសបេគីស្ថាន ម៉ាឡេស៊ី បង់ក្លាដេស នេប៉ាល់ ចិន អាស៊ែបៃហ្សង់ ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម និងឥណ្ឌូនេស៊ី។

ថ្លែងក្នុងកិច្ចពិភាក្សាពិសេសនេះ លោក សុខ សូកេន បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាចំពោះការជំរុញគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា នៅក្នុងរបៀបវារៈអភិវឌ្ឍន៍ជាតិ ដើម្បីពង្រឹង នវានុវត្តន៍ ជំរុញផលិតភាព ពង្រឹងសមត្ថភាពប្រកួតប្រជែង និងលើកកម្ពស់សេវាសាធារណៈ ព្រមទាំងបានផ្តល់នូវទស្សនទានសំខាន់ៗមួយចំនួន ពិសេសលើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់អភិបាលកិច្ច បញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌ច្បាស់លាស់​ និងការទទួលខុសត្រូវ។ អង្គប្រជុំបានគូសបញ្ជាក់ពីតួនាទីនៃបញ្ញាសិប្បនិម្មិតក្នុងការបង្កើតអនាគតរបស់អាស៊ី ដែលតម្រូវឱ្យមានការគិតគូរដល់ការអភិវឌ្ឍឌីជីថល ដែលផ្តោតសំខាន់លើការការពារនូវអត្ថប្រយោជន៍របស់ប្រជាជន និងបានសង្កត់ធ្ងន់ទៅលើអភិបាលកិច្ចនៃ បញ្ញាសិប្បនិម្មិត ដែលក្នុងនោះប្រទេសចិន ម៉ុងហ្គោលី សាធារណរដ្ឋកូរ៉េ កម្ពុជា វៀតណាម និងមីយ៉ាន់ម៉ា ក៏បានលើកនូវមតិយោបល់មួយចំនួន និងបានផ្តល់អនុសាសន៍សំខាន់ៗលើការងារនេះផងដែរ។

នៅក្នុងឱកាសនេះដែរ គណៈប្រតិភូ ICAPP ក៏ទទួលបានការអនុញ្ញាតចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនឹង លោក Uchral Nyam-Osor នាយករដ្ឋមន្ត្រីម៉ុងហ្គោលី ប្រធានគណបក្សប្រជាជនម៉ុងហ្គោលី និងជាប្រធានវេទិកាយុវជន ICAPP។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គណបក្សប្រជាជនម៉ុងហ្គោលីចាត់ទុក ICAPP គឺជាវេទិកាគណបក្សនយោបាយដ៏មាន សារៈសំខាន់ដែលបានចូលរួមគាំទ្រដល់ការកសាងកិច្ចសន្ទនា និងមិត្តភាពរវាងគណបក្សនយោបាយនានា ដែលមាននិន្នាការចម្រុះ ដើម្បីសម្រេចបាននូវវិបុលភាព សន្តិភាព និងការអភិវឌ្ឍរួមគ្នានៃទ្វីបអាស៊ី។ លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់គណបក្សប្រជាជនម៉ុងហ្គោលី ក្នុងការជំរុញបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកិច្ចការដឹកនាំគណបក្សនិងប្រទេសម៉ុងហ្គោលីនៅក្នុងយុគសម័យឌីជីថល ដើម្បីអនាគតទាំងអស់គ្នា។

លោក សុខ សូកេន ក្នុងនាមគណបក្សប្រជាជនកម្ពុជា បានសម្តែងការអបអរសាទរចំពោះ គណបក្សប្រជាជនម៉ុងហ្គោលី និងជូនពរលោកនាយករដ្ឋមន្ត្រី សម្រេចនូវចក្ខុវិស័យក្នុងការកសាង សង្គមឌីជីថលនៅម៉ុងហ្គោលី និងបានគាំទ្រតួនាទីដឹកនាំវេទិកាយុវជន ICAPP របស់ម៉ុងហ្គោលី ព្រមទាំង បានបញ្ជាក់អំពីការបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការមិត្តភាព និងសហប្រតិបត្តិការរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងកិច្ចសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះផងដែរ គណៈប្រតិភូ ICAPP ក៏បានចូលរួមកម្មវិធីដាំដើមឈើ នៅក្នុងឧទ្យានជាតិនាទីក្រុងអ៊ូឡង់បាទ័រ សម្រាប់យុទ្ធនាការនៃការដាំដើមឈើ ១ពាន់លានដើម ឆ្នាំ២០៣០ ដែលជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលម៉ុងហ្គោលី ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការបម្រែបម្រួលអាកាសធាតុ៕