គ្រូវិន័យជនជាតិថៃ ដែលធ្លាប់ទទួលបានពានរង្វាន់គ្រូបង្រៀនឆ្នើម ត្រូវចាប់ខ្លួនពីបទបៀតបៀនសិស្សដែលជាអនីតិជន
ឈៀងម៉ៃ, ថៃឡង់ដ៍៖ គ្រូបង្រៀនទទួលបន្ទុកវិន័យម្នាក់នៅសាលារៀនដ៏ល្បីឈ្មោះមួយក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ កាលពីថ្ងៃអង្គារ ត្រូវបានចាប់ខ្លួន និងត្រូវបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ តាមបញ្ជារបស់ការិយាល័យគណៈកម្មការអប់រំមូលដ្ឋាន (OBEC) ក្រោយពីសិស្សស្រីរងគ្រោះ និងក្រុមគ្រួសារ បានស្វែងរកជំនួយផ្លូវច្បាប់ ។
យោងតាមការបញ្ជាក់ពីលោកស្រី ប៉ាវីណា ហុងសាកុល (Pavena Hongsakul) ប្រធានមូលនិធិ ប៉ាវីណា ដើម្បីកុមារ និងស្ត្រី បានឱ្យដឹងថា គ្រូបង្រៀនរូបនេះ ដែលធ្លាប់ជាអ្នកទទួលបានពានរង្វាន់គ្រូបង្រៀនឆ្នើម បានប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនល្បួងលួងលោម និងរំលោភបំពានផ្លូវភេទលើសិស្សស្រីរូបនោះជាច្រើនដងរួចមកហើយ ព្រមទាំងបង្ខំឱ្យនាងផ្ញើរូបភាពមិនសមរម្យតាមសារឆាតថែមទៀតផង ។
ម្តាយអនីតិជនជនរងគ្រោះ បានដឹងពីរឿងរ៉ាវអាស្រូវនេះ តាមរយៈការបង្ហោះនៅលើបណ្តាញសង្គម ហើយបាននាំកូនស្រីទៅប្តឹងនៅប៉ុស្តិ៍នគរបាល ហ្វាង (Fang) កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។ ក្រោយមក ក្មេងស្រីរងគ្រោះ ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពដើម្បីប្រមូលភស្តុតាង ខណៈបច្ចុប្បន្ននាងកំពុងរងនូវការប៉ះទង្គិចផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ។
ម្តាយរបស់ក្មេងស្រីរងគ្រោះ បានបង្ហើបថា បន្ទាប់ពីប្តឹងរួច មានមនុស្សមួយក្រុមព្យាយាមយកឈ្មោះអ្នកមានអំណាចក្នុងតំបន់មកធ្វើជាអ្នកសម្របសម្រួល ដើម្បីបញ្ចុះបញ្ចូលឱ្យគ្រួសាររបស់គាត់ដកពាក្យបណ្តឹង ឬសម្របសម្រួលគ្នាបញ្ចប់រឿង ប៉ុន្តែក្រុមគ្រួសាររបស់លោកស្រី បានបដិសេធដាច់ខាត និងទទូចឱ្យតុលាការកាត់ទោសជនសង្ស័យទៅតាមច្បាប់ ។
ជាលទ្ធផល តុលាការថៃ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំរបស់ជនសង្ស័យ ដោយសារតែបារម្ភពីការរត់គេចខ្លួន ឬការទៅបំផ្លាញភស្តុតាង ហើយបច្ចុប្បន្នគ្រូបង្រៀនរូបនេះ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ ខណៈមូលនិធិ ប៉ាវីណា ប្តេជ្ញានឹងបន្តជួយស្តារផ្លូវចិត្តដល់សិស្សស្រីរងគ្រោះជាបន្តទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ Khaosod English.