សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលទន្លេវៃគោ ក្នុងក្រុងស្វាយរៀង
អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី
--------------------
សម្តេចបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជាជាអធិបតីក្នុងទិវាមច្ឆជាតិ ១ កក្កដា ២០២៦ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
ទិវាមច្ឆជាតិ ១ កក្កដា លើកទី២១ ឆ្នាំ២០២៦នេះ លែងត្រីមេពូជ កូន ត្រីនិងវារីសត្វសរុប ២០ប្រភេទ រួមមាន ត្រីគល់រាំង ត្រីរាជ ត្រីខ្ជឹង ត្រីដំរី ត្រីកាហែ ត្រីឆ្ពិន ត្រីគ្រំ ត្រីត្រសក់ ត្រីកន្រ្តប់ខ្លា ត្រីប្រា ត្រីពោ ត្រីក្រាញ់ ត្រីសណ្តាយ ត្រីអណ្តែង ត្រីព្រលូង កង្កែប បង្កង អន្ទង់ អណ្តើក កន្ធាយ សរុបប្រមាណ ១,៥ លាន ក្បាល ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា “ ទិវាមច្ឆជាតិ ប្រាព្ធឡើងដើម្បីផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្សនិងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជា ពលរដ្ឋ។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅ ក្នុងដែនទឹកធម្មជាតិ ទូទាំងប្រទេស”។
ទន្លេវ៉ៃគោនេះ ត្រូវបានប្រារព្ធទិវាមច្ឆជាតិ ជាលើកទី២ ដែលលើកទី១ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១១ (ទិវា មច្ឆជាតិ លើកទី៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។ អាងទន្លេវ៉ៃគោមានទំហំ ១ ៦៨៦ហិកតានៅរដូវវស្សា ដែលអាចស្តុកទឹកបាន ៣០លានម៉ែត្រគូប និងមានទំហំ ១ ៣៥០ហិកតានៅរដូវប្រាំង អាចស្តុកទឹកបាន ១៥លានម៉ែត្រគូប។ ទន្លេវ៉ៃគោនៅតែរក្សាបាននូវតួនាទីដ៏សំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើនេសាទ និងធ្វើស្រែចំការ៕