ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឲ្យក្រសួងកសិកម្ម ពង្រឹងការគ្រប់គ្រង និង អភិរក្ស ធនធានជលផល ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និង វារីសត្វកំពុង រងគ្រោះ

image

អត្ថបទ៖ ហ៊ន សុភ័ក្រ
វីដេអូ៖ អេង សុគុណ,លឹម មុនី
-------
ក្នុងគោលបំណងជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីមច្ឆជាតិ, និង ដោះ ស្រាយជាប្រព័ន្ធនូវបញ្ហាប្រឈមចម្បងក្នុងអនុវិស័យជលផល សម្តេចធិបតី ហ៊ុន ម៉ាណែត បាមដាក់ចេញនូវអនុសាសន៍ មួយចំនួន ក្នុងនោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវបន្តពង្រឹងការគ្រប់គ្រង និង អភិរក្ស ធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេស ត្រូវបន្តអភិរក្សត្រីមេពូជ និង វារីសត្វកំពុង រងគ្រោះ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធ «ទិវាមច្ឆជាតិ» លើកទី២១ ថ្ងៃពុធ ទី ១ ខែ កក្កដា ឆ្នាំ ២០២៦

សម្តេចបវរធិបតី ក៏បានណែនាំធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិ និង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសនេសាទ ឱ្យកាន់តែមាន ប្រសិទ្ធភាព ព្រមទាំង ចាត់វិធានការណ៍ច្បាប់ម៉ឺងម៉ាត់ ចំពោះការផលិត ចែកចាយ និង ប្រើប្រាស់ ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លាញធ្ងន់ធ្ងរ ដូចជា ឧបករណ៍ឆក់ និង ស្បៃមុង ជាដើម ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដី បន្តជំរុញការធ្វើវារីវប្បកម្មគ្រប់រូបភាព តាមរយៈ ការលើកកម្ពស់ការស្រាវជ្រាវ បច្ចេកទេស និង ការនវានុវត្តក្នុងអនុវិស័យវារីវប្បកម្ម, ព្រមទាំង បង្កាត់ភ្ញាស់ពូជវារីសត្វកម្រដែល ប្រឈមនឹងការផុតពូជ និង ផលិតកូនត្រីពូជដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់ សំដៅធានាចីរភាពនៃ ធនធានជលផល និង សន្តិសុខស្បៀង, បង្កើនប្រាក់ចំណូលរបស់វារីវប្បករ, និង កាត់បន្ថយការ- នាំចូល និង សម្ពាធមកលើធនធានជលផលធម្មជាតិ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងសមត្ថភាពសមាគមវារីវប្បករ កម្ពុជា តាមរយៈ ការតម្រង់ទិសផែនការផលិតកម្ម ដែលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និង ការកែច្នៃនាំចេញ ដោយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍ និង វិស័យឯកជន ដើម្បីទទួល បានការគាំទ្រ, ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញប្បទាន, ដល់វារីវប្បករ និង អ្នកកែច្នៃនាំចេញផលិតផល ជលផល ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពន្លឿនការចុះបញ្ជីដីរដ្ឋនៅតំបន់គ្រប់គ្រងជលផល ដូចជា កន្លែងអភិរក្សជលផល, កន្លែងសហគមន៍នេសាទ, ដីព្រៃលិចទឹក, និង ដីព្រៃកោងកាង ដែលជា ជម្រកវារីសត្វពងកូន និង ធំធាត់ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវពង្រឹងកិច្ចសហការជាមួយក្រសួងស្ថាប័ នពាក់ព័ន្ធ និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីអប់រំ ផ្សព្វផ្សាយ និង ណែនាំប្រជាពលរដ្ឋឱ្យបង្កើន ការចូលរួមការពារតំបន់គ្រប់គ្រងជលផល, កន្លែងអភិរក្សជលផល, ដីព្រៃលិចទឹក, និង ដីព្រៃកោង កាង, ព្រមទាំង ជំរុញចលនាដាំព្រៃលិចទឹក និង ព្រៃកោងកាងឡើងវិញ ដើម្បីផ្តល់ជម្រកសម្រាប់វា រីសត្វគ្រប់ភេទ និង ធានាចីរភាពធនធានជលផលជាតិ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ត្រូវគិតគូររៀបចំឱ្យមានប្រធានបទសម្រាប់ «ទិវាមច្ឆជាតិ» នៅឆ្នាំក្រោយៗ ដើម្បីផ្តល់ទិសដៅច្បាស់លាស់, ផ្តោតការយកចិត្តទុកដាក់លើបញ្ហា សំខាន់ៗ, និង លើកកម្ពស់ការយល់ដឹងជាសាធារណៈ ឱ្យស្របតាមបរិការណ៍សង្គម-សេដ្ឋកិច្ច ៕