សង្គម

អ្នកឧកញ៉ា គិត ម៉េង អបអរសាទរលោកស្រី មូ ស៊ីវតាន ដែលបានជាប់ឆ្នោតជា ប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១

image


ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង រួមជាមួយថ្នាក់ដឹកនាំ អនុប្រធាន សមាជិកសមាជិកា អគ្គនាយក និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជាទាំងអស់ បានផ្ញើលិខិតអបអរសាទរជូនលោកស្រី មូ ស៊ីវតាន ក្នុងឱកាសដែលលោកស្រីបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១។

ការបោះឆ្នោតជូនលោកស្រី មូ ស៊ីវតាន ជាប្រធានសភាពាណិជ្ជកម្មខេត្តរតនគិរី អាណត្តិទី១ លើកទី១ ធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការគាំទ្រ និងទំនុកចិត្តពីសមាជិក សមាជិកា នៃសភាពាណិជ្ជកម្មខេត្តរតនគិរី។

ក្នុងលិខិតអបអរសាទរ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងថា ជោគជ័យនេះ គឺជាសក្ខីភាពបង្ហាញពីការជឿជាក់របស់សមាជិក សមាជិកា ចំពោះសមត្ថភាពដឹកនាំ ភាពឈ្លាសវៃ និងការទទួលខុសត្រូវខ្ពស់របស់លោកស្រី មូ ស៊ីវតាន ក្នុងការដឹកនាំសភាពាណិជ្ជកម្មខេត្តរតនគិរីឱ្យកាន់តែរីកចម្រើន។
អ្នកឧកញ៉ា គិត ម៉េង រំពឹងថា ក្រោមការដឹកនាំរបស់លោកស្រី សភាពាណិជ្ជកម្មខេត្តរតនគិរី ត្រូវបានរំពឹងថានឹងបន្តពង្រឹងតួនាទីជាស្ពានភ្ជាប់រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខេត្ត និងសភាពាណិជ្ជកម្មកម្ពុជា ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច ទាក់ទាញការវិនិយោគ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន៕