សង្គម

កម្ពុជា-សហរដ្ឋអាម៉េរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង “បើកចំហជើងមេឃ” លើកដំបូង ដើម្បីជំរុញវិស័យអាកាសចរណ៍ ទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ

image


ភ្នំពេញ៖ កម្ពុជា និងសហរដ្ឋអាម៉េរិក បានបោះជំហានសំខាន់ថ្មីមួយក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស ឬ “បើកចំហជើងមេឃ” (Open Skies Agreement) ជាលើកដំបូងរវាងប្រទេសទាំងពីរ ដែលត្រូវបានរំពឹងថា នឹងជំរុញការតភ្ជាប់ផ្លូវអាកាស ពាណិជ្ជកម្ម ទេសចរណ៍ និងការវិនិយោគឱ្យកាន់តែរីកចម្រើន។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះជាមួយ លោក Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេសសហរដ្ឋអាម៉េរិក ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី។

កិច្ចព្រមព្រៀងនេះ ត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូងរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងជួយលើកកម្ពស់ការតភ្ជាប់ផ្លូវអាកាសឱ្យស្របតាមស្តង់ដារអន្តរជាតិទំនើប និងបង្កើនឱកាសសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកប្រតិបត្តិការ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាម៉េរិក (DFC) បានអនុម័តកាលពីពេលថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃ ទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាម៉េរិក។

កិច្ចព្រមព្រៀងបើកចំហជើងមេឃនេះ ក៏អនុញ្ញាតឱ្យក្រុមហ៊ុន អាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាពដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ នឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរនៃប្រទេសទាំងពីរ។
ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជានៅតែបន្តប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្តចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចរណ៍ទ្វេភាគី ដែលមានស្រាប់៕