រុស្ស៊ី កំពុងពិចារណាលើលទ្ធភាពនាំចូលប្រេងពីបរទេស ដើម្បីសម្រួលសម្ពាធទីផ្សារក្នុងស្រុក
រុស្ស៊ី៖ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េស្កូវ (Dmitri Peskov) កាលពីថ្ងៃអង្គារ បានប្រកាសថា ទីក្រុងម៉ូស្គូ (Moscow) កំពុងពិចារណាលើលទ្ធភាពនៃការនាំចូលប្រេងពីបរទេស ដែលនេះជាជំហានថ្មីមួយក្នុងការដោះស្រាយវិបត្តិ និងរក្សាស្ថិរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈនៅក្នុងប្រទេស ។
លោក ប៉េស្កូវ បញ្ជាក់ថា ការចរចាកំពុងតែបន្តដំណើរការ ហើយប្រសិនបើទទួលបានកិច្ចព្រមព្រៀងលើតម្លៃសមរម្យណាមួយនោះ រុស្ស៊ីនឹងរុញការនាំចូលនេះទៅមុខភ្លាមៗ ដើម្បីឆ្លើយតប និងទប់ស្កាត់សកម្មភាពសម្រុកទិញប្រេងទាំងស្លន់ស្លោរបស់ប្រជាពលរដ្ឋនៅក្នុងទីផ្សារក្នុងស្រុក ។
ដើម្បីគ្រប់គ្រងស្ថានការណ៍នេះ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ឌឺ ណូវ៉ាក់ (Alexander Novak) ត្រូវបានចាត់តាំងឱ្យដឹកនាំក្រុមការងារពិសេសរបស់រដ្ឋាភិបាល ដើម្បីតាមដាន វាយតម្លៃ និងរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈជាប្រចាំថ្ងៃ ក្រោមការណែនាំដោយផ្ទាល់ពីវិមានក្រឹមឡាំង ។
ស្របពេលជាមួយគ្នា លោកប្រធានាធិបតី វ៉្លាឌីមៀ ពុទីន (Vladimir Putin) បានចេញមុខអះអាងថា បើទោះបីជាមានការខូចខាតខ្លះៗលើរោងចក្រចម្រាញ់ប្រេង ដោយសារតែការវាយប្រហារពីសំណាក់កងទ័ពអ៊ុយក្រែនក៏ដោយ ប៉ុន្តែរាល់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវបានស្តារ និងជួសជុលឡើងវិញយ៉ាងឆាប់រហ័ស ដោយមិនបង្កជាវិបត្តិធ្ងន់ធ្ងរឡើយ ។
វិបត្តិថាមពលនេះ បានកើតឡើងបន្ទាប់ពីប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាជាបន្តបន្ទាប់ ទៅលើបណ្តារោងចក្រចម្រាញ់ប្រេង និងហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់រុស្ស៊ី ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៦ មក ដែលបណ្តាលឱ្យតម្លៃសាំងនៅក្នុងស្រុកហក់ឡើងខ្ពស់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ (REUTERS/Sergey Pivovarov)/ A Lukoil gas station, photographed in front of a power plant in Moscow. (is associated with: «Russia may import fuel as Ukraine attacks produce shortages») Jens Kalaene/dpa-Zentralbild/dpa