មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-អាមេរិក បញ្ជាក់ការប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកទាំងពីរ
ភ្នំពេញ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងនាយឧត្តមសេនីយ៍ RONALD P. CLARK មេបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំប៉ាស៊ីហ្វិក បានជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ដើម្បីពិនិត្យវឌ្ឍនភាព និងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោកទាំងពីរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ រវាងកងទ័ពទាំងពីរ ដែលសម្រេចបានក្នុងរយៈពេលកន្លងមក ជាពិសេស លទ្ធផលនៃកិច្ចប្រជុំក្រុមការងារកងទ័ពជើងគោក (Army Staff Talks) ដែលបានកំណត់ទិសដៅច្បាស់លាស់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត ព្រមទាំងវឌ្ឍនភាពនៃការរៀបចំសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០២៧ (Angkor Sentinel 2027) ដែលនឹងរួមចំណែកលើកកម្ពស់សមត្ថភាពប្រតិបត្តិការរួម ការផ្លាស់ប្តូរបទពិសោធន៍ និងការកសាងទំនុកចិត្តរវាងកងទ័ពទាំងពីរ។
ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ និងបានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួម រួមមាន៖ ការហ្វឹកហ្វឺន ការកសាងសមត្ថភាព និងការផ្លាស់ប្តូរអ្នកជំនាញ (SMEE) លើវិស័យដែលជាអាទិភាពរួម សំដៅលើកកម្ពស់មិត្តភាព ទំនុកចិត្ត និងភាពជាដៃគូរវាងកងទ័ព និងប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក៕