អារ៉ាប់រួម ដំណើរការសាកល្បងរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរ ដើម្បីបើកឱកាសសេដ្ឋកិច្ចថ្មីៗ
អារ៉ាប់រួម៖ បណ្តាញផ្លូវដែកជាតិ អេទីហាដ រ៉េល (Etihad Rail) របស់ប្រទេសអារ៉ាប់រួម (UAE) កាលពីថ្ងៃអង្គារ បានបើកដំណើរការសាកល្បងជើងដំបូងបង្អស់នូវសេវាកម្មរថភ្លើងល្បឿនលឿនដឹកអ្នកដំណើរ ដោយបានធ្វើដំណើរដោយជោគជ័យ និងប្រកបដោយភាពរលូនពីស្ថានីយហ្វ៊ូជៃរ៉ាស៍ (Fujairah) មកដល់ស្ថានីយទីក្រុង ម៉ូហាម៉េដ ប៊ីន ហ្សាយ៉េដ (Mohamed bin Zayed City) ក្នុងរដ្ឋធានីអាប៊ូដាប៊ី (Abu Dhabi) ។
លោកស្រី អាដ្រា អាល ម៉ាន់ស៊ូរី (Adhra Al Mansoori) នាយកប្រតិបត្តិផ្នែកកិច្ចការអាជីវកម្មនៃក្រុមហ៊ុន បានបញ្ជាក់ថា គម្រោងផ្លូវដែកនេះ មិនត្រឹមតែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបើកឱកាសសេដ្ឋកិច្ចថ្មីៗ និងការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងនិរន្តរភាព ខណៈអ្នកដំណើរដែលបានចូលរួមនៅក្នុងដំណើរការសាកល្បងនេះ បានសម្តែងនូវការកោតសរសើរចំពោះភាពងាយស្រួល និងការសន្សំសំចៃពេលវេលាដ៏អស្ចារ្យ ។
រថភ្លើងល្បឿនលឿននេះ អាចរត់បានល្បឿនរហូតដល់ ២០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដែលកាត់បន្ថយរយៈពេលធ្វើដំណើររវាងទីក្រុងទាំងពីរមកនៅត្រឹម ១០៥ នាទីប៉ុណ្ណោះ ជាមួយតម្លៃសំបុត្រសមរម្យចាប់ពី ៥៥ ឌីរហាំ (dirhams) ឬប្រហែល ១៥ ដុល្លារអាម៉េរិក។ តាមផែនការ សេវាកម្មនេះនឹងពង្រីកវិសាលភាពរបស់ខ្លួនចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីតភ្ជាប់ទីក្រុងសំខាន់ៗផ្សេងទៀត ដូចជា ឌូបៃ (Dubai) និងបន្តពង្រីកទៅដល់ទីក្រុងហ្សាចាហ៍ (Sharjah) នៅដើមឆ្នាំ២០២៧ ។
ក្រុមហ៊ុន អេទីហាដ រ៉េល (Etihad Rail) បានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ដោយបច្ចុប្បន្ននេះ កំពុងគ្រប់គ្រងបណ្តាញផ្លូវដែកប្រវែងជាង ៩០០ គីឡូម៉ែត្រ ខណៈដែលគម្រោងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជាតិនៃ «គម្រោងឆ្នាំ៥០» ក្នុងគោលបំណងធានាធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនក្នុងប្រទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Time Out