ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់អង់គ្លេស ប្រកាសកាត់បន្ថយកញ្ចប់ថវិកាអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីយកមកពង្រឹងវិស័យការពារជាតិ

image

អង់គ្លេស៖ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់អង់គ្លេស លោក គែរ ស្តាមើ (Keir Starmer) បានប្រកាសបង្កើនកញ្ចប់ថវិកាចំនួន ១៥ ពាន់លានផោនបន្ថែមទៀតទៅលើវិស័យការពារជាតិ ក្នុងកំឡុងធ្វើសេចក្ដីថ្លែងការណ៍នៅឯក្រុមហ៊ុនផលិតដ្រូន ម៉ាលឡយ អ៊ែរ៉ូណតទិក (Malloy Aeronautics) ក្នុងទីក្រុងម៉េដិនហេដ (Maidenhead) ។
 
លោក ស្តាមើ (Starmer) សង្កត់ធ្ងន់ថា វិធីដ៏ល្អបំផុតដើម្បីជៀសវាងសង្គ្រាមក្នុងស្ថានភាពដែលពិភពលោកកំពុងឡើងកម្តៅ គឺត្រូវត្រៀមខ្លួនសម្រាប់បញ្ហានេះ ដើម្បីធ្វើឱ្យគូប្រជែងរារែកចិត្តមុននឹងធ្វើសកម្មភាព ហើយដើម្បីបានកញ្ចប់ថវិកានេះ រដ្ឋាភិបាលត្រូវបង្ខំចិត្តលុបចោលភ្លាមៗលើគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់ និងថាមពលមួយចំនួនដែលមិនទាន់ចាំបាច់ ។
 
ទន្ទឹមនឹងនេះ លោក ស្តាមើ ក៏បានធ្វើការរំឭកដោយទម្លាក់កំហុសលើ "រដ្ឋបរទេស" ជុំវិញការជួលមនុស្សឱ្យមកដុតបំផ្លាញរថយន្ត និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក។ ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីតុលាការបានកាត់ទោសបុរសដើមកំណើតអ៊ុយក្រែនពីរនាក់ ខណៈព្រះរាជអាជ្ញា ជឿថា មានការរៀបចំសាច់រឿងពីក្រោយដោយប្រទេសរុស្ស៊ី ។

ស្ថានភាពនយោបាយផ្ទៃក្នុងរបស់អង់គ្លេស កំពុងជួបភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយភាពរកាំរកូសនេះ បានចាប់ផ្តើមឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិ លោក ចន ហីឡេយ (John Healey) បានប្រកាសលាលែងពីតំណែង ដោយសារតែមិនពេញចិត្តនឹងកញ្ចប់ថវិកាយោធាដែលមានចំនួនតិចពេក ហើយកាលពីសប្តាហ៍មុននេះ នាយករដ្ឋមន្ត្រី លោក គែរ ស្តាមើ (Keir Starmer) ក៏បានសម្រេចចិត្តដើរចេញពីតំណែងដូចគ្នា ។
 
ស្របពេលជាមួយគ្នា ហេដ្ឋារចនាសម្ព័ន្ធដ៏ចំណាស់នៅទូទាំងតំបន់អឺរ៉ុប ដូចជា ផ្លូវថ្នល់ ផ្លូវដែក និងសាលារៀន ក៏កំពុងរងការខូចខាត និងរងសម្ពាធយ៉ាងខ្លាំងពីវិបត្តិនៃរលកកម្តៅនាពេលថ្មីៗនេះ ទោះបីជាមានការព្រមានទុកជាមុនជារៀងរាល់ឆ្នាំក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ BBC News/ Getty Images