ព័ត៌មានអន្តរជាតិ

ចិន ជំរុញអឺរ៉ុបឱ្យដោះស្រាយវិបត្តិពាណិជ្ជកម្មតម្លៃ ៣៦០ ពាន់លានអឺរ៉ូ តាមផ្លូវចរចាដោយសន្តិភាព

image

ចិន៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក គូ ជៀគុន (Guo Jiakun) កាលពីថ្ងៃអង្គារ បានជំរុញឱ្យប្រទេសចិន និងសហភាពអឺរ៉ុប រួមគ្នាដោះស្រាយវិបត្តិពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់ដោយសន្តិវិធី ជាជាងការប្រឈមមុខដាក់គ្នា ដោយលោកបានសង្កត់ធ្ងន់ថា ភាគីទាំងពីរ គឺជាដៃគូសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក មិនមែនជាគូប្រជែងនោះឡើយ ។
 
សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានជំនួបរវាងលោក ម៉ារ៉ូស សេហ្វកូវីច (Maros Sefcovic) ស្នងការអឺរ៉ុប និងលោក វ៉ាង វិនតាវ (Wang Wentao) រដ្ឋមន្ត្រីពាណិជ្ជកម្មចិន នៅក្នុងកិច្ចប្រជុំលើកដំបូងនៃកិច្ចពិគ្រោះយោបល់ផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងសហភាពអឺរ៉ុប និងចិន កាលពីថ្ងៃចន្ទ ដើម្បីដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មរបស់អឺរ៉ុបចំនួន ៣៦០ ពាន់លានអឺរ៉ូ ព្រមទាំងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ។
 
ទន្ទឹមនឹងនេះ លោក គូ ក៏បានលើកឡើងពីភាពជោគជ័យនៃ «ឆ្នាំនៃកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជន ចិន-អាហ្វ្រិក» ក្នុងឱកាសខួបទំនាក់ទំនង ៧០ឆ្នាំ ដោយចិនបានផ្តល់ការអនុគ្រោះពន្ធសូន្យដល់ប្រទេសអាហ្វ្រិកចំនួន ៥៣ ចាប់តាំងពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ និងអបអរសាទរខួប ៥០ឆ្នាំ នៃការតភ្ជាប់ខ្សែរថភ្លើង តាហ្សារ៉ា យ៉ាងជោគជ័យ ។
 
ចំណែកឯទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ឯណោះវិញ អ្នកនាំពាក្យចិនរូបនេះ បានបញ្ជាក់ថា ចិនតែងតែបើកចំហក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ រួមទាំងវិស័យប្រព័ន្ធផ្សព្វផ្សាយ។ ទោះជាយ៉ាងណាក៏ដោយ លោកមិនបានលើកឡើងលម្អិតនោះទេ ជុំវិញលទ្ធភាពនៃការវិលត្រឡប់ទៅវិញរបស់ក្រុមអ្នកកាសែតចិន ដែលត្រូវឥណ្ឌាបដិសេធទិដ្ឋាការ (Visa) កាលពីឆ្នាំ២០២៣ ។
 
ការបើកចំហរបស់ចិន ធ្វើឡើងស្របពេលដែលលោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) ត្រូវនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) ផ្ញើលិខិតអញ្ជើញជាផ្លូវការតាំងពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដើម្បីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលប្រ៊ីក្ស (BRICS) ប្រចាំឆ្នាំ២០២៦ ដែលប្រទេសឥណ្ឌាកំពុងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ istockphoto/ ram-shipping