ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង ២០ប្រភេទ ប្រមាណជា ១,៥លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្នុងកម្មវិធីទិវាមច្ឆជាតិលើកទី២១
ស្វាយរៀង៖ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្នុងទិវាជាតិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការលែងត្រីមេពូជក្នុងស្រុក កូនត្រីចម្រុះ ចំនួន១លានក្បាល រួមមាន៖ បង្កង កង្កែប អន្ទង់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីព្រលូង និងវារីសត្វកម្រងាយរងគ្រោះថ្នាក់ដូចជា៖ ត្រីគល់រាំង កន្ធាយ និងអណ្តើកផងដែរ ខណៈទន្លេវ៉ៃគោបានកំពុងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍។
ក្រោមកិច្ចសហការខិតខំប្រឹងប្រែង ការពារ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល របស់អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ សហគមន៍នេសាទ និងមហាជន ផលត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៥ កន្លងមកនេះ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។
សូមជម្រាបថា “ទិវាមច្ឆជាតិ” ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៣ មកទល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងទប់ស្កាត់ការនេសាទខុសច្បាប់គ្រប់ប្រភេទ និងគ្រប់ទម្រង់ សំដៅបង្កើនធនធានមច្ឆជាតិ សម្រាប់បំពេញតម្រូវការអាហារប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕