ផ្លូវបេតុងថ្មី សម្រស់បៃតងថ្មី! កូនឈើប្រណីតជាង ១០០ដើម ត្រូវបានដាំលម្អតាមដងផ្លូវ ក្នុងស្រុកអណ្តូងមាស
រតនគិរី៖ ដើម្បីរួមចំណែកលើកកម្ពស់បរិស្ថាន និងជំរុញការស្រឡាញ់ធម្មជាតិ លោក ថាវ យ៉េន សមាជិកក្រុមប្រឹក្សាខេត្តរតនគិរី បានដឹកនាំយុទ្ធនាការដាំកូនឈើជាង នៅតាមបណ្តោយផ្លូវបេតុងដែលទើបស្ថាបនាថ្មី ស្ថិតក្នុងភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស នៅព្រឹកថ្ងៃទី១ ខែកក្កដានេះ។
សកម្មភាពដ៏មានអត្ថន័យនេះ មានការអញ្ជើញចូលរួមពីលោក ចាង ជឺយាន ប្រធានក្រុមប្រឹក្សាស្រុក, លោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងសហគមន៍ សរុបប្រមាណ ៤០នាក់។
គោលបំណងសំខាន់ៗនៃការដាំកូនឈើនេះ គឺដើម្បីបង្កើនសម្រស់ធម្មជាតិ ដោយសារ ប្រភេទកូនឈើដែលបានដាំរួមមាន ដើមគគីរ និងដើមក្ងោក ដែលជាប្រភេទឈើផ្ដល់ម្លប់ត្រជាក់ និងមានផ្កាលម្អដងផ្លូវយ៉ាងស្រស់ស្អាត។ ជាមួយនេះ ក៏បង្ហាញពីចក្ខុវិស័យរបស់អាជ្ញាធរ ដែលមិនត្រឹមតែស្ថាបនាផ្លូវដើម្បីសម្រួលការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយទៅជា «ផ្លូវបៃតង» នាពេលអនាគតព្រមទាំងរួមចំណែកបង្កើតគម្របបៃតង និងកាត់បន្ថយការឡើងកម្តៅក្នុងតំបន់ ក្រោមចក្ខុវិស័យ «ការដាំកូនឈើនៅថ្ងៃនេះ គឺដើម្បីអនាគតបៃតងនៅថ្ងៃស្អែក»។
នាឱកាសនោះដែរ អាជ្ញាធរមូលដ្ឋាន ក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយរួមគ្នាថែរក្សា ការពារកូនឈើទាំងនេះ ឱ្យលូតលាស់បានល្អ ដើម្បីក្លាយជាទ្រព្យសម្បត្តិរួម និងជាមរតកបៃតងសម្រាប់កូនចៅជំនាន់ក្រោយ៕
អត្ថបទដោយ ៖ ប៉េស សារី