អគ្គមេបញ្ជាការកងទ័ពកម្ពុជា តវ៉ាទៅអគ្គសេនាធិការកងទ័ពហ្វីលីពីន ជុំវិញក្រុមអ្នកសង្កេតការណ៍អាស៊ាន អមដោយកងកម្លាំងថៃ ឆ្លងចូលអធិបតេយ្យភាពកម្ពុជា នៅតំបន់ប្រាសាទខ្នារ
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងនៃកងយោធពលខេមរភូមិន្ទ បានធ្វើលិខិតប្តឹងទៅនាយឧត្តមសេនីយ៍ ROMEO S. BRAWNER JR អគ្គសេនាធិការកងទ័ពហ្វីលីពីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) នៅប្រាសាទខ្នារ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦។
យោងតាមលិខិត លោក វង្ស ពិសេន បានលើកឡើងថា៖ «ខ្ញុំបាទមានក្តីបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពមួយ ដែលបានកើតឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ នៅពេលដែលសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ប្រចាំប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការជូនដំណឹងជាមុន ឬការសហការជាមួយភាគីកម្ពុជានៅកម្រិតណាមួយឡើយ។”
ក្នុងលិខិតនោះ លោក វង្ស ពិសេន បានលើកឡើងថា ក្រោយពីបានចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជាដោយគ្មានការអនុញ្ញាត ពួកគេបានបន្តធ្វើសកម្មភាពដាំកូនឈើ។
ផ្ទុយទៅវិញ ភាគីកម្ពុជា តែងតែអនុវត្តរាល់សកម្មភាពសង្កេតការណ៍របស់ក្រុម AOT ដោយបានជូនដំណឹងទៅភាគីថៃយ៉ាងម៉ឺងម៉ាត់នៅគ្រប់កម្រិតពាក់ព័ន្ធ។ កងយោធពលខេមរភូមិន្ទ បានបញ្ជាក់ជាបន្តបន្ទាប់យ៉ាងច្បាស់ថា តំបន់ពាក់ព័ន្ធខាងលើស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដូចមានបង្ហាញក្នុងផែនទី ភ្ជាប់ជា ឧបសម្ព័ន្ធ “ខ”។ ទោះបីជាកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់អំពីទីតាំងនៃតំបន់នោះក៏ដោយ ក្រុម AOT ប្រទេសថៃ ដែលអមដោយកងកម្លាំងប្រដាប់អាវុធថៃ នៅតែចូលមកក្នុងដែនអធិបតេយ្យភាពកម្ពុជា ដោយមិនបានជូនដំណឹង ឬស្នើសុំការយល់ព្រមពីភាគីកម្ពុជាទាល់តែសោះ។
លោក វង្ស ពិសេន បានលើកឡើងបន្ថែមថា “កងយោធពលខេមរភូមិន្ទ ចាត់ទុកថាសកម្មភាពទាំងនេះ មិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។ រាល់សកម្មភាពដែលធ្វើឡើងលើសពីដែនសមត្ថិកិច្ចដែលបានឯកភាពគ្នា ជាពិសេសនៅតំបន់ព្រំដែនដែលមានភាពរសើប អាចបង្កហានិភ័យដល់ការបំផ្លាញទំនុកចិត្តដែលភាគីទាំងពីរបានខិតខំកសាងយ៉ាងលំបាក និងអាចប៉ះពាល់ជាអវិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ដើម្បីសម្រេចបាននូវដំណោះស្រាយប្រកបដោយសន្តិភាព និងចីរភាពចំពោះបញ្ហាពាក់ព័ន្ធនឹងព្រំដែន។”
លោក វង្ស ពិសេន បានមានប្រសាសន៍ថា ក្នុងគោលបំណងរក្សាទំនុកចិត្ត និងសុចរិតភាពនៃយន្តការ AOT, លោក គោរពស្នើសុំការគាំទ្រពីអគ្គសេនាធិការកងទ័ពហ្វីលីពីន ក្នុងការពិនិត្យឡើងវិញចំពោះសកម្មភាពខាងលើ និងធានាថានាយទាហាននៃក្រុម AOT ទាំងអស់ គោរពយ៉ាង ម៉ឺងម៉ាត់តាមលក្ខខណ្ឌយោងដែលបានឯកភាពគ្នា ព្រមទាំងរក្សាអព្យាក្រឹតភាពដែលរំពឹងទុកក្នុងបេសកកម្មនេះ។ ការគោរពយ៉ាងម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌទាំងនេះ គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរក្សាទំនុកចិត្តគ្នាទៅវិញទៅមក និងធានាថាក្រុម AOT នឹងបន្តបំពេញតួនាទីតាមគោលបំណងរបស់ខ្លួន ក្នុងនាមជាយន្តការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង និងការកសាងទំនុកចិត្ត។
លោក វង្ស ពិសេន គូសបញ្ជាក់ថា កងយោធពលខេមរភូមិន្ទកម្ពុជា នៅតែប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកងទ័ពហ្វីលីពីន និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនាប្រកបដោយភាពវិជ្ជមានរវាងកម្ពុជា និងថៃ»។
ជាមួយគ្នានេះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា បានសម្តែងនូវសេចក្តីគោរពរាប់អាន និងការកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះភាពជាអ្នកដឹកនាំដ៏មានតម្លៃ និងការប្តេជ្ញាចិត្តរបស់កងទ័ពហ្វីលីពីន ក្នុងការដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្រោមយន្តការកសាងទំនុកចិត្តទ្វេភាគី ដែលបានឯកភាពគ្នា រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដោយសង្កត់ធ្ងន់ថា កងយោធពលខេមរភូមិន្ទ តែងតែគាំទ្រយ៉ាងពេញលេញចំពោះការអនុវត្តលក្ខខណ្ឌយោង (Terms of Reference - TOR) សម្រាប់កំណត់រាល់សកម្មភាព និងការប្រព្រឹត្តទៅនៃក្រុម AOT និងនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមកប្រកបទៅដោយតម្លាភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕