ព័ត៌មានអន្តរជាតិ

ឥណ្ឌូណេស៊ី បញ្ចេញយន្តហោះចម្បាំងហោះហែហមការពារយន្តហោះប្រធានាធិបតីបេឡារុស្ស យ៉ាងឱឡារិក អំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ

image


 
ឥណ្ឌូណេស៊ី៖ ប្រទេសឥណ្ឌូណេស៊ី បានរៀបចំការទទួលបដិសណ្ឋារកិច្ចកម្រិតខ្ពស់បំផុត និងគួរឱ្យភ្ញាក់ផ្អើលមួយ ជូនចំពោះប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ឌើ លូកាសិនកូ (Alexander Lukashenko) ក្នុងឱកាសដែលលោកបានអញ្ជើញមកដល់ទីក្រុងហ្សាកាតា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ។
 
នៅក្នុងឱកាសនោះ កងទ័ពអាកាសឥណ្ឌូណេស៊ី បានបញ្ចេញយន្តហោះចម្បាំងជាច្រើនគ្រឿង ដែលកំពុងហោះហើរនៅអមសងខាង និងហែហមការពារយន្តហោះពិសេសរបស់លោកប្រធានាធិបតី លូកាសិនកូ (Lukashenko) នៅលើអាកាសយ៉ាងមានរបៀបរៀបរយ មុនពេលចុះចត ។
 
យោងតាមការបញ្ជាក់ពីការិយាល័យប្រធានាធិបតីបេឡារុស្ស ឱ្យដឹងថា ភ្លាមៗបន្ទាប់ពីបានអញ្ជើញមកដល់ទឹកដីឥណ្ឌូណេស៊ី មេដឹកនាំបេឡារុស្សរូបនេះ បានបើកកិច្ចប្រជុំការងារដំបូងជាមួយលោក រ៉ូសាន ភើកាសា រូស្លានី (Rosan Perkasa Ruslani) ដែលជារដ្ឋមន្ត្រីក្រសួងវិនិយោគរបស់ឥណ្ឌូណេស៊ី ដើម្បីជជែកគ្នាអំពីបញ្ហាសេដ្ឋកិច្ច ។
 
ក្រៅពីកិច្ចប្រជុំផ្នែកវិនិយោគ របៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺលោក លូកាសិនកូ (Lukashenko) នឹងត្រូវចូលជួបចរចាការទូតកំពូលជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូណូ ស៊ូប៊ីអានតូ (Prabowo Subianto) ទាំងក្នុងទម្រង់ជំនួបបិទទ្វារ និងជំនួបទ្រង់ទ្រាយធំ ជាមួយគណៈប្រតិភូផ្លូវការនៃប្រទេសទាំងពីរ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.