ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងស្តារប្រឡាយ ៣ខ្សែ ដើម្បីត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានា

image

ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោ នាថ្ងៃទី០២ ខែកក្កដានេះ បាននិងកំពុងខិតខំស្តារប្រឡាយចំនួន ៣ខ្សែនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ។
ការស្តារនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀង បញ្ចៀសការជន់លិចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សា។
លោក សំ ញ៉ូវ ប្រធានការិយាល័យសាធារណការណ៍ និងដឹកជញ្ជូនខណ្ឌដង្កោ បានឱ្យដឹងថា រដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងស្តារប្រឡាយ ចំនួន៣ខ្សែនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ក្នុងនោះរួមមាន៖
១ ប្រឡាយម័រ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានប្រវែង ៣៣០០ម៉ែត្រ ដោយបានប្រើប្រាស់គ្រឿងចក្រ ២គ្រឿង កាយភក់ និងសំរាមចេញពីប្រឡាយ កាលពីថ្ងៃទី២៥ មិថុនាឆ្នាំ២០២៦។ គិតមកដល់ថ្ងៃទី០២ ខែកក្កដានេះ ក្រុមការងារសម្រេចការងារបានប្រវែង ៥៥០ម៉ែត្រ និងគ្រោងបញ្ចប់នៅ ២សប្តាហ៍ទៀត។
២ ប្រឡាយជប៉ុន(MCC) ស្ថិតនៅសង្កាត់រលួសប្រវែង ២៣៥០ម៉ែត្រ បានស្តាររួចរាល់។
៣ ប្រឡាយនៅព្រំប្រទល់សង្កាត់ព្រែកកំពឹស និងឃុំជើងកើប ស្រុកកណ្តាលស្ទឹង ប្រវែង ៣៤៧០ម៉ែត្រ ស្តារបានប្រវែងជាង ១០០០ម៉ែត្រ។
លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ បានឱ្យដឹងដែរថាការស្តារប្រឡាយម័រ ក្នុងសង្កាត់ដង្កោ គឺពិតជាជួបការលំបាក ដោយសារ ប្រឡាយនេះ មានស្ពានឆ្លងកាត់ច្រើន ពិបាកដាក់គ្រឿងច្រកចូល។ ប៉ុន្តែដោយការយកចិត្តទុកដាក់ និងណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដង្កោ បាននិងកំពុងស្តារប្រឡាយ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ។
ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោកស្រី គឹម ញឹប
បានថ្លែងនូវការអរគុណយ៉ាងខ្ពង់ខ្ពស់ចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានណែនាំឱ្យក្រុមការងារស្តារប្រឡាយទាំង ៣ខ្សែនេះ និងសូមអំពាវនាវឱ្យប្រជាពលររដ្ឋនៅជាប់ប្រឡាយ ចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាម វេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភណ្ឌភាពរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងការងារនេះ ប្រជាពលររដ្ឋដែលរស់នៅជាប់ប្រឡាយ បានសម្តែងនូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរខណ្ឌដង្កោដែលបានស្តារប្រឡាយរំដោះទឹកទាំងនេះ។ ពួកគាត់ថា ការស្តារប្រឡាយនេះ ធ្វើឱ្យទឹកហូរបានលឿន កាត់បន្ថយបាននូវការលិចលង់ ហើយអ្វីដែលសំខាន់មួយទៀតនោះ គឺធ្វើឱ្យបាត់បង់ជម្រកមូសតែម្តង៕