មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនភ្នំពេញ នាំនិស្សិតផ្នែកសហគ្រិនជិត ១០០នាក់ ទៅសិក្សាស្វែងយល់ដោយផ្ទាល់នៅក្រុមហ៊ុនផលិត និងកែច្នៃអង្ករសម្រាប់នាំចេញ ក្នុងខេត្តកំពង់ធំ
កំពង់ធំ៖ មជ្ឈមណ្ឌលការងារហ្វ្រង់កូហ្វូនភ្នំពេញ (Centre d’Employabilité Francophone – CEF) បានរៀបចំដំណើរទស្សនកិច្ចសិក្សាទៅកាន់ក្រុមហ៊ុនមួយនៅខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់និស្សិតចំនួន ៩០ នាក់ ដែលកំពុងសិក្សាកម្មវិធីបណ្តុះបណ្តាលផ្នែកសហគ្រិនភាព មកពីសាកលវិទ្យាល័យសមាជិកនានារបស់ទីភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF) នៅកម្ពុជា។
ដោយមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា តាមរយៈមូលនិធិ Fonds Équipe France (FEF) ដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្តទៅនៅក្រុមហ៊ុន BRM Agro ដែលមានម៉ាស៊ីនកិនស្រូវ និងកសិដ្ឋានកសិកម្ម មានឯកទេសក្នុងការផលិត និងកែច្នៃអង្ករគុណភាពខ្ពស់សម្រាប់នាំចេញ។
ស្ថាបនិកក្រុមហ៊ុន និងជាអគ្គនាយក ក្រុមហ៊ុន BRM Agro Co., Ltd, លោក ចាន់ អង ដែលជាអតីតនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (URDSE)ផងនោះ បានធ្វើបទបង្ហាញអំពីក្រុមហ៊ុន និងបានចែករំលែកបទពិសោធន៍មួយចំនួនដល់ក្រុមនិស្សិត។
លោក ចាន់ អង បានឱ្យដឹងថា បង្កើតឡើងក្នុងឆ្នាំ២០១៨ ក្រុមហ៊ុន BRM Agro មានគំរូអាជីវកម្មដ៏ពិសេសមួយ ដោយជួលដីស្រែ សាងសង់ប្រព័ន្ធធារាសាស្ត្រ និងផ្គត់ផ្គង់វត្ថុធាតុចាំបាច់សម្រាប់ការដាំដុះ ដូចជា ពូជស្រូវ ជី និងថ្នាំការពារសត្វល្អិត ជូនកសិករ ព្រមទាំងធានាទិញស្រូវរបស់ពួកគេវិញក្នុងតម្លៃដែលបានកំណត់ជាមុន។
លោក ចាន់ អង បានមានប្រសាសន៍ថា “យើងយកកសិករនៅតំបន់ជុំវិញជាដៃគូ គឺយើងជួលដីស្រែឱ្យគាត់ និងផ្គត់ផ្គង់វត្ថុធាតុដើមអោយគាត់ គាត់មានតែកម្លាំងពលកម្មមកធ្វើ។ បើបានផលល្អ គាត់ចំណេញច្រើន ព្រោះយើងធានាថា ល្អជាងទីផ្សារ ហើយគាត់អត់មានការបារម្ភអំពីការមិនប្រាកដប្រជាផ្នែកតម្លៃលក់នោះទេនៅពេលប្រមូលផល។ អញ្ចឹងយើងជួយកសិករបានច្រើន។ រហូតមកដល់ពេលនេះ យើងមានកសិករដែលចូលរួមក្នុងកម្មវិធីស្រូវយើងប្រហែល ៧៥០គ្រួសារ គឺនៅក្នុងតំបន់ជុំវិញនេះ ហើយយើងសង្ឃឹមថានឹងពង្រីកថែមទៀត។”
យោងតាមលោក ចាន់ អង្គ មានមូលហេតុចម្បងបីដែលជំរុញឱ្យលោកវិនិយោគក្នុងវិស័យកសិកម្ម គឺ គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករចំនួនមួយលានតោន, ប្រវត្តិគ្រួសាររបស់លោកដែលជាកូនកសិករ ប្រកបរបរជួញដូរស្រូវនៅស្រុកថ្មគោល ខេត្តបាត់ដំបង និងយល់ឃើញថា នៅកម្ពុជានៅមានអ្នកមានចំណេះដឹងតិចតួចប៉ុណ្ណោះ ដែលចូលមកវិនិយោគក្នុងវិស័យកសិកម្ម។
លោក ចាន់ អង បានបង្ហាញក្តីរីករាយដែលបានទទួលកម្មសិក្សាច្រើនជិតមួយរយនាក់ និងមានសំណួរល្អៗច្រើន ពាក់ព័ន្ធនឹងការលំបាក បញ្ហាប្រឈមក្នុងវិស័យកសិកម្ម ជាពិសេសការធ្វើស្រូវ ធ្វើអាជីវកម្មនាំអង្ករចេញ។ សំណួរទាំងនោះចាក់ចំបេះដូងរបស់គាត់ ពីព្រោះគាត់ចង់ឱ្យមានធនធានមនុស្សដែលមានសមត្ថភាព ចូលរួមបានច្រើន។
យោងតាមលោក ចាន់ អាង បច្ចុប្បន្នក្រុមហ៊ុនមានសមត្ថភាពសម្ងួតស្រូវបាន ៨០០ តោនក្នុងមួយថ្ងៃ អាចស្តុកស្រូវបាន ២០ ០០០ តោន និងកិនកែច្នៃ ព្រមទាំងនាំចេញអង្ករបាន ៣ ០០០ តោនក្នុងមួយខែ។ លោក មានគោលបំណងបង្កើនសមត្ថភាពផលិតកម្មឱ្យបានដប់ដង ដើម្បីអាចជួយគាំទ្រគ្រួសារកសិកររហូតដល់ ១០ ០០០ គ្រួសារ បង្កើតការងារបន្ថែម និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងប្រព័ន្ធធារាសាស្ត្រថ្មីៗនាពេលអនាគត។
ក្នុងឱកាសនេះ និស្សិតបានស្វែងយល់អំពីគ្រប់ដំណាក់កាលនៃការកែច្នៃស្រូវ ចាប់ពីការសម្ងួត ការកិន ការបំបែកគុណភាព ការស្តុក និងការវេចខ្ចប់ ព្រមទាំងបានទស្សនាផ្នែក និងឃ្លាំងផ្សេងៗរបស់ក្រុមហ៊ុន។ បន្ទាប់មក ពួកគេបានទៅទស្សនាប្រព័ន្ធធារាសាស្ត្រ កសិដ្ឋានផលិតកម្ម រោងជួសជុលម៉ាស៊ីនកសិកម្ម និងអង្គភាពផលិតថ្នាំការពារសត្វល្អិត។
យោងតាមអ្នកទទួលខុសត្រូវផ្នែកផលិតថ្នាំការពារសត្វល្អិត បានឱ្យដឹងថា ក្រុមហ៊ុន បានកំណត់ការប្រើប្រាស់សារធាតុគីមីឱ្យនៅកម្រិតទាបបំផុត ហើយផ្តោតលើការប្រើប្រាស់ថ្នាំការពារសត្វល្អិតដែលមានលក្ខណៈធម្មជាតិ ឬបែបប្រពៃណី ដើម្បីជួយដល់កសិករ ដើម្បីគោរពតាមស្តង់ដារគុណភាពដ៏តឹងរ៉ឹង ដែលកំណត់ដោយទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក៕