សង្គម

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ទទួលយកសេចក្ដីព្រាងច្បាប់៤ ដើម្បីប្រគល់ជូនគណៈកម្មការជំនាញពិនិត្យសិក្សា

image


ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។

ក្នុងកិច្ចប្រជុំ អង្គប្រជុំបានពិភាក្សា និងអនុម័តទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលរាជរដ្ឋាភិបាលបានបញ្ជូនមកស្នើសុំការអនុម័តពីរដ្ឋសភា ដើម្បីប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភា ធ្វើការពិនិត្យ និងសិក្សាបន្ថែម។
សេចក្ដីព្រាងច្បាប់ទាំង៤ រួមមាន៖
១. សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជារដ្ឋភាគីនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត និងពិធីសារនៃអនុសញ្ញាស្ដីពីប្រាតិភោគជាអន្តរជាតិចំពោះឧបករណ៍ចល័ត ពាក់ព័ន្ធនឹងករណីជាក់លាក់នៃឧបករណ៍អាកាសយាន។
២. សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្ដីពីកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមក។
៣. សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមកតាមផ្នែកអាស៊ាន សម្រាប់សម្ភារៈអគារ និងសំណង់។
៤. សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចសម្រុះសម្រួលទទួលស្គាល់ទៅវិញទៅមករបស់អាស៊ាន ស្ដីពីប្រភេទអនុម័តបញ្ជាក់សម្រាប់ផលិតផលយានយន្ត។

ជាមួយគ្នានេះ អង្គប្រជុំក៏បានអនុម័តប្រគល់សេចក្ដីព្រាងច្បាប់ទាំង៤ ជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យ សិក្សា និងរៀបចំរបាយការណ៍ ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យបន្ត។

អត្ថបទ៖ វង សុភ័ក្ត្រ