លោក ប៉ែន បូណា៖ ជាងមួយឆ្នាំចុងក្រោយនេះ មានបញ្ហាធំៗដែលនឹកស្មានមិនដល់បានកើតឡើង តែសុខភាពរបស់រាជរដ្ឋាភិបាលកម្ពុជានៅតែមានភាពរឹងមាំ
ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ បានលើកឡើងថា រយៈពេលជាងមួយឆ្នាំចុងក្រោយនេះ មានបញ្ហាធំៗដែលនឹកស្មានមិនដល់បានកើតឡើងលើរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ប៉ែន បូណា បញ្ហាធំៗទាំងនោះរួមមាន ទី១. ប្រទេសកម្ពុជាទទួលរងសង្គ្រាមឈ្លានពានយ៉ាងអាក្រក់ពីប្រទេសថៃ ដែលបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់, ពលករពីប្រទេសថៃសម្រុកមកប្រទេសវិញយ៉ាងគំហុគ និងយ៉ាងច្រើនក្នុងពេលតែមួយ។ សង្គ្រាមនេះក៏បានបង្កការខូចខាតហេដ្ឋរចនាសម្ព័ន្ធស៊ីវិលជាច្រើន។ ទី២. សង្គ្រាមនៅមជ្ឈឹមបូព៌ា ដែលបង្កឱ្យប្រេង និងឧស្ម័នឡើងថ្លៃខ្ពស់។ ប្រេងជាទំនិញចាំបាច់ណាស់សម្រាប់ប្រជាពលរដ្ឋ។ បើប្រេងហក់ឡើងខ្ពស់វាប៉ះពាល់ខ្លាំងណាស់។ ទី៣. ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ស្កេមអនឡាញ) ដែលជាបញ្ហាធ្ងន់ធ្ងរ និងស្មុគស្មាញ ពិបាកដោះស្រាយពីព្រោះវាជាឧក្រិដ្ឋកម្មឆ្លងដែន និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ហើយកម្ពុជាបានក្លាយជាប្រទេសរងគ្រោះ១ក្នុងចំណោមប្រទេសជាច្រើនក្នុងតំបន់។
លោក ប៉ែន បូណា ប្រដូចបញ្ហាធំៗមហិមាទាំងនេះទៅនឹងព្យុះព្យោមារដែលបោកបក់ព្រមៗគ្នា និងយ៉ាងពេញទំហឹងមកលើរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាដែលទើបតែចូលកាន់តំណែងថ្មីៗ។ ម្យ៉ាងវិញទៀតជាវិញ្ញាសាដ៏តឹងតែងបំផុតដែលចូលមកសាកល្បងសមត្ថភាពដឹកនាំ ចាត់ចែង និងដោះស្រាយរបស់ថ្នាក់ដឹកនាំវ័យក្មេង ជាអ្នកបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា។ ទោះជារងការបោកបក់ពីបញ្ហាធំៗ និងព្រមៗគ្នាបែបនេះក៏ដោយ ក៏កម្ពុជានៅតែរក្សាបាន សុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ និងសេចក្តីសុខរបស់ប្រជាជននៅតែត្រូវបានថែរក្សា។ ពិតណាស់សង្គ្រាមឈ្លានបានដែលយើងមិនបានតាំងចិត្ត និងដែលយើងមិនចង់ឃើញទាល់តែសោះនោះ បានកើតឡើងនៅតាមជាយដែនថៃពីរលើក(២៤- ២៨ កក្កដា បន្ទាប់មក ៧-២៧ ធ្នូ ២០២៥) ដែលទាមទារឱ្យរាជរដ្ឋាភិបាលត្រូវប្រើសិទ្ធិការពារខ្លួន។ ទោះយ៉ាងណាថ្នាក់ដឹកនាំកម្ពុជាដែលតែងតែតម្កល់តម្លៃសន្តិភាពជាធំ បានប្រែក្លាយសង្គ្រាមប្រដាប់អាវុធឱ្យទៅជាដំណោះស្រាយតាមការទូត និងផ្លូវច្បាប់វិញយ៉ាងឆាប់រហ័សក្រោមការជួយជ្រោមជ្រែងពីបណ្តាប្រទេសជាមិត្តដែលស្នេហាសន្តិភាពដូចគ្នា ជាពិសេសសហរដ្ឋអាម៉េរិក សាធារណរដ្ឋប្រជាមានិតចិន និងអាស៊ាន។ បទឈប់បាញ់ក៏ត្រូវបានរកឃើញពីរលើក និងបន្តរហូតមកទល់បច្ចុប្បន្ន។ នេះគឺជាសក្ខីភាពនៃការផ្តល់តម្លៃដល់សន្តិភាព និងដល់អាយុជីវិតមនុស្សដែលរាជរដ្ឋាភិបាលតែងតែតម្កល់ខ្ពស់ជានិច្ច។
ចំណែកស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងល្អ ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៦ ត្រូវបានប៉ាន់ប្រមាណថា នឹងសម្រេចបានកំណើន ៤,២%, សន្តិសុខស្បៀងមានភាពរឹងមាំ, ពាណិជ្ជកម្មអន្តរជាតិ ជាពិសេសការនាំចេញមានកំណើនគួរឱ្យកត់សម្គាល់ ខណៈដែលចំណូលសារពើពន្ធក៏មានកំណើន។ នេះជាពេលវេលាដែលគ្រប់គ្នានិយាយថា «សេដ្ឋកិច្ចធ្លាក់» មិនមែនតែកម្ពុជាទេ តែជាស្ថានភាពធ្លាក់ចុះ និងមិនច្បាស់លាស់នៃសេដ្ឋកិច្ចសាកល។ អ្នករកទទួលទានសុទ្ធតែបានជួបប្រទះគ្រប់គ្នា ប៉ុន្តែកម្ពុជានៅតែរកក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចដែលលំនឹងល្អ ដែលជាជន្ទល់រឹងមាំនៃលំនឹងជីវភាពប្រជាពលរដ្ឋ, ស្ថិរភាពសង្គម-នយោបាយ ក៏កម្ពុជានៅថែរក្សាបានល្អ ពោលគឺ អត់មានភាពវឹកវរ ចលាចលសង្គម ឬចលាចលនយោបាយកើតឡើងក្នុងប្រទេសឡើយ, កាលពីអំឡុងខែមេសា ឆ្នាំ២០២៦ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(LDC) បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ហើយបានបញ្ជាក់ប្រាប់សម្តេចធិបតីថា ក្រោយការវាតម្លៃពីរលើកកម្ពុជានៅតែរក្សាបាននូវលក្ខណៈសម្បត្តិជាប្រទេសដែលអាចចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច ( LDC) នៅឆ្នាំ២០២៩។
ដូច្នេះ តាមរយៈសូចនាករទាំងអស់នេះ លោក ប៉ែន បូណា បានសន្និដ្ឋានថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា មានសុខភាពល្អ ហើយបាននិងកំពុងបោះជំហានទៅមុខជានិច្ច ប្រកបដោយភាពស្វាហាប់ ទោះបីជារាល់ជំហានទៅមុខត្រូវឆ្លងកាត់ឧបសគ្គធំៗយ៉ាងណាក៏ដោយ៕