មេខ្លោងថៃបញ្ជាពីអូស្ត្រាលី ចាត់ចែងដោយប្រពន្ធឡាវរត់ពន្ធហេរ៉ូអ៊ីនជាង ២៤គីឡូក្រាម លាក់ក្នុងអាវសូត្រ ត្រូវអាជ្ញាធរវាយឆ្មក់បង្ក្រាប
ប្រទេសថៃ៖ ថ្នាំញៀនប្រភេទហេរ៉ូអ៊ីន ទម្ងន់ ២៤,៣៨ គីឡូក្រាម ដែលត្រូវគេលាក់បង្កប់ក្នុងអាវសូត្រ កញ្ចប់កាហ្វេ និងអាវរងា នៅក្នុងកញ្ចប់បញ្ញើអន្តរជាតិបម្រុងផ្ញើទៅកាន់ប្រទេសអូស្ត្រាលី និងកោះតៃវ៉ាន់ ត្រូវបានបង្ក្រាប និងរឹបអូស កាលពីថ្ងៃព្រហស្បតិ៍ នេះបើតាមការប្រកាសដោយការិយាល័យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនថៃ ហៅកាត់ថា ONCB ។
លោកវរសេនីយ៍ទោ សុរិយា ស៊ីងហាកាម៉ុល (Suriya Singhakamol) អគ្គលេខាធិការរង ONCB បានបញ្ជាក់ថា ប្រតិបត្តិការនេះបានធ្វើឡើងនៅទីតាំងសំខាន់ពីរក្នុងទីក្រុងបាងកក គឺខណ្ឌបាងកាពិ (Bang Kapi) ដែលទំនិញត្រូវផ្ញើទៅតៃវ៉ាន់ និងខណ្ឌរាជាទេវី (Ratchathewi) ដែលទំនិញត្រូវផ្ញើទៅអូស្ត្រាលី ក្រោមកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារដៃគូ ។
តាមរយៈការស៊ើបអង្កេតយ៉ាងស៊ីជម្រៅ អាជ្ញាធរបានរកឃើញថា បណ្តាញរត់ពន្ធនេះមានទំនាក់ទំនងជាមួយក្រុមជួញដូរគ្រឿងញៀននៅតំបន់ត្រីកោណមាស (Golden Triangle) ដោយមានបុរសជនជាតិថៃម្នាក់ជាមេខ្លោងបញ្ជាការផ្ទាល់ពីប្រទេសអូស្ត្រាលី និងមានភរិយាជាជនជាតិឡាវ ជាអ្នករៀបចំចាត់ចែងការផ្ញើទំនិញនៅក្នុងប្រទេសថៃ។
នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចក៏បានបន្តវាយឆ្មក់ឆែកឆេរទីតាំងសង្ស័យចំនួន ៣ កន្លែងបន្ថែមទៀតនៅក្នុងខេត្តឡឺយ (Loei) និងខេត្តនគរភ្នំ (Nakhon Phanom) ដែលជាកន្លែងពាក់ព័ន្ធនឹងការផ្ញើទំនិញ និងជាម្ចាស់គណនីធនាគារសម្រាប់ទទួលប្រាក់ឈ្នួលលើសកម្មភាពខុសច្បាប់នេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Khaosod English | រូបភាព៖ ONCB via Khaosod English