នាវាចម្បាំងចិន ២គ្រឿង ណាននីង និង ហេងយ៉ាង ចូលចតនៅក្រុងហុងកុង ដើម្បីបើកឱ្យសាធារណៈជនចូលទស្សនា
ចិន៖ នាវាចម្បាំងពីរគ្រឿងរបស់កងទ័ពជើងទឹកចិន គឺនាវា ស៊ីអិនអេស ណាននីង (CNS Nanning) និងនាវា ស៊ីអិនអេស ហេងយ៉ាង (CNS Hengyang) បានបើកចូលទៅកាន់កំពង់ផែ វិកតូរីយ៉ា (Victoria) ក្នុងទីក្រុងហុងកុង កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ៥ ថ្ងៃ ។
នាវា ស៊ីអិនអេស ណាននីង គឺជាប្រភេទនាវាបំផ្លាញមីស៊ីលនាំផ្លូវដ៏ទំនើប រីឯនាវា ស៊ីអិនអេស ហេងយ៉ាង គឺជាប្រភេទនាវាការពារមីស៊ីលនាំផ្លូវ ដែលនាវាទាំងពីរនេះ នឹងត្រូវចូលចតនៅមូលដ្ឋានទ័ពជើងទឹកនៅលើកោះស្តូនខាត់ធឺស (Stonecutters) ដើម្បីបើកឱ្យសាធារណជនចូលទស្សនានៅចុងថ្ងៃសប្តាហ៍ ។
ដំណើរទស្សនកិច្ចរបស់ក្រុមនាវាចម្បាំងចិននាពេលនេះ បានរៀបចំឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍អបអរសាទរខួបលើកទី ២៩ នៃការវិលត្រឡប់របស់ទីក្រុងហុងកុង មកស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ប្រទេសចិនសារជាថ្មី ។
ព្រឹត្តិការណ៍នេះ បានទាក់ទាញចិត្តប្រជាពលរដ្ឋ និងអតីតយុទ្ធជនហុងកុងជាច្រើនឱ្យមកទស្សនា ដោយពួកគេបានសម្តែងក្តីរំភើប និងមោទនភាពយ៉ាងខ្លាំងចំពោះភាពរីកចម្រើនឥតឈប់ឈរ និងភាពរឹងមាំនៃអំណាចយោធារបស់កងទ័ពជើងទឹកចិន ។
គួរបញ្ជាក់ដែរថា ក្នុងចំណោមនាវាទាំងពីរនេះ នាវា ណាននីង គឺជាមានប្រវត្តិធ្លាប់បានចូលរួមក្នុងប្រតិបត្តិការជម្លៀសប្រជាពលរដ្ឋចិនចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ូដង់ (Sudan) ហើយដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏កម្រសម្រាប់ពលរដ្ឋហុងកុងក្នុងការជួបជាមួយក្រុមនាវិកដោយផ្ទាល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.