ឥណ្ឌានិងជប៉ុន ព្រមព្រៀងជំរុញកញ្ចប់ទុនវិនិយោគដល់ ១០ទ្រីលានយ៉េន កំឡុងដំណើរទស្សនកិច្ច ៣ ថ្ងៃរបស់នាយករដ្ឋមន្ត្រីជប៉ុន
ឥណ្ឌា៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិន្ទ្រ ម៉ូឌី (Narendra Modi) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) បានសម្រេចកិច្ចព្រមព្រៀងដ៏ធំមួយ ក្នុងការជំរុញទុនវិនិយោគឱ្យបាន ១០ ទ្រីលានយ៉េន (ប្រមាណ ៦៨ ពាន់លានដុល្លារ) នៅក្នុងកំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-ជប៉ុន លើកទី១៦ ក្នុងទីក្រុងញូដេល្លី (New Delhi) ។
មេដឹកនាំទាំងពីរ បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅវិមានហៃដឺរ៉ាបាត (Hyderabad) បន្ទាប់ពីការពិភាក្សាទ្វេភាគី ដោយលោក ម៉ូឌី បានលើកឡើងពីយុទ្ធសាស្ត្រ «រួមបញ្ចូលគ្នារវាងទំហំទីផ្សារឥណ្ឌា និងគុណភាពជប៉ុន» ដើម្បីអភិវឌ្ឍ និងផ្តល់ដំណោះស្រាយវិស័យសុខាភិបាលដ៏ទំនើបទៅកាន់ពិភពលោក ។
ក្រៅពីកិច្ចសហការសេដ្ឋកិច្ច លោកស្រី តាកាអ៊ីឈិ បានសង្កត់ធ្ងន់ថា ចក្ខុវិស័យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហរបស់ជប៉ុន គឺមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង ជាមួយគំនិតផ្តួចផ្តើមសន្តិសុខម៉ាសាហ្គា (MAHASAGAR) របស់ភាគីឥណ្ឌា ក្នុងការថែរក្សាសន្តិភាពផ្អែកលើច្បាប់អន្តរជាតិ ។
មេដឹកនាំទាំងពីរ ក៏បានប្រកាសត្រៀមខ្លួនប្រើប្រាស់ព្រឹត្តិការណ៍ខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅឆ្នាំក្រោយ ដើម្បីធ្វើជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាពរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ក្រោមក្របខណ្ឌដៃគូយុទ្ធសាស្ត្រពិសេស ។
គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា របស់លោកស្រី តាកាអ៊ីឈិ (Takaichi) មកកាន់ប្រទេសឥណ្ឌា នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការទៅក្រៅប្រទេសជាលើកដំបូងបង្អស់របស់លោកស្រី គិតចាប់តាំងពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនមក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY video.