ព័ត៌មានជាតិ

ក្រសួងសាធារណការ បង្កើនវិធានការសុវត្ថិភាពលើផ្លូវជាតិលេខ៥ ក្រោយគ្រោះថ្នាក់កើតញឹកញាប់

image

ពោធិ៍សាត់៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងតាមដានជាប្រចាំពីសំណាក់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ តំណាងស្នងការដ្ឋាននគរបាលខេត្ត និងភាគីពាក់ព័ន្ធ ចុះពិនិត្យជាក់ស្តែង និងដំឡើងបន្ថែមបរិក្ខារសុវត្ថិភាពចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៤៩ ដល់ ១៥០ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលជាចំណុចកើតមានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ជាពិសេសនៅដើមរដូវវស្សាឆ្នាំនេះ។

លោក ផន រឹម បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសបានសិក្សាលក្ខណៈបច្ចេកទេស និងប្រមូលទិន្នន័យចរាចរណ៍នៅទីតាំងខាងលើ ដើម្បីកំណត់មូលហេតុនៃគ្រោះថ្នាក់ និងស្វែងរកដំណោះស្រាយដែលមានប្រសិទ្ធភាពខ្ពស់ ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា មូលហេតុចម្បង គឺការប្រើប្រាស់ល្បឿនលឿនហួសកំណត់ ជាពិសេសនៅចំណុចផ្លូវកោង។

លោកបានបញ្ជាក់ថា ទីតាំងនេះស្ថិតក្នុងតំបន់ប្រជុំជន ដែលច្បាប់ចរាចរណ៍ផ្លូវគោកកំណត់ឱ្យបើកបរក្នុងល្បឿនអតិបរមា ៤០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំណែកការរចនាគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ក៏ត្រូវបានអនុវត្តស្របតាមស្តង់ដាបច្ចេកទេស និងបានគិតគូរយ៉ាងហ្មត់ចត់លើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមផងដែរ។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក្រុមការងារបានដាក់ចេញវិធានការផ្តោតលើការបន្ថយល្បឿនយានយន្តមុនពេលចូលដល់ចំណុចផ្លូវកោង ដោយបានបំពាក់បន្ថែមបរិក្ខារសុវត្ថិភាព និងសញ្ញាចរាចរណ៍ដែលមានប្រសិទ្ធភាពខ្ពស់ អាចមើលឃើញច្បាស់ទាំងពេលថ្ងៃ ពេលយប់ និងពេលមានភ្លៀង។

ការងារបំពាក់បរិក្ខារសុវត្ថិភាពទាំងនេះ បានចាប់ផ្តើមអនុវត្តតាំងពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់នៅចុងសប្ដាហ៍នេះ ដោយរំពឹងថានឹងអាចកាត់បន្ថយ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍នៅទីតាំងនេះបានយ៉ាងមានប្រសិទ្ធភាព។

លោក ផន រឹម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងបន្ថយល្បឿននៅតំបន់ប្រជុំជន និងចំណុចផ្លូវកោង ដើម្បីការពារសុវត្ថិភាពខ្លួនឯង ក្រុមគ្រួសារ អ្នករួមដំណើរ និងប្រជាពលរដ្ឋដែលរស់នៅតាមសងខាងផ្លូវ៕