រដ្ឋមន្រ្តីសុខាភិបាល៖ “ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូប ទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលកាន់តែមានប្រសិទ្ធភាពខ្ពស់”
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការអភិវឌ្ឍគោលការណ៍ណែនាំស្តង់ដាសម្រាប់អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងការលើកកម្ពស់គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំសុខភាពនៅកម្ពុជា។
អាហារូបត្ថម្ភនៅក្នុងមន្ទីរពេទ្យ ត្រូវបានបន្តយកចិត្តទុកដាក់ខ្ពស់ ដើម្បីកាត់បន្ថយការវិវត្តទៅជាផលវិបាកផ្សេងៗ ដូចជាការឆ្លងមេរោគក្នុងមន្ទីរពេទ្យ រយៈពេលសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល។ ដូចនេះ អាហារូបត្ថម្ភអ្នកជំងឺក្នុងមន្ទីរពេទ្យ ដែលមានរចនាសម្ព័ន្ធច្បាស់លាស់ គឺជាជំហានដ៏ចាំបាច់មួយ ដែលធានាបានការកាត់បន្ថយ ការសម្រាកព្យាបាលយូរ អត្រាចូលសម្រាកព្យាបាលសារជាថ្មី និងការបង្កើនបន្ទុកចំណាយលើការព្យាបាលទាំងអ្នកជំងឺ និងប្រព័ន្ធសុខាភិបាលទាំងមូល ដើម្បីធ្វើស្តង់ដាសម្រាប់ថែទាំអាហារូបត្ថម្ភដល់អ្នកជំងឺឱ្យកាន់តែមានប្រសិទ្ធភាព។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេចឡើងថា «អាហារូបត្ថម្ភមានសារៈសំខាន់ ហើយការកង្វះអាហាររូបត្ថម្ភរាប់បញ្ចូលទាំង លើស ខ្វះ របបអាហារមិនត្រឹមត្រូវ និងខុសកាលវេលា ដែលរាប់បញ្ចូលថាជាកង្វះអាហារូបត្ថម្ភ។ ដូចនេះ ការលើកកម្ពស់អាហារូបត្ថម្ភអ្នកជំងឺ ក្នុងស្តង់ដាមន្ទីរពេទ្យ គឺជាការធានាឱ្យអ្នកជំងឺគ្រប់រូបទទួលបានអាហាររូបត្ថម្ភ ដែលជាផ្នែកមួយនាំឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ ដែលជាជំហានដ៏សំខាន់នាំឱ្យមានកាត់បន្ថយបញ្ហាសុខភាពប្រជាពលរដ្ឋ»។
លោកសាស្ត្រាចារ្យរដ្ឋមន្រ្តី ថ្លែងបន្តថា ការផ្តល់អាហាររូបត្ថម្ភ គឺជាការព្យាបាល ដែលនាំឱ្យមានការកាត់បន្ថយការសម្រាកពេទ្យ និងជួយសង្រ្គោះ, អាហាររូបត្ថម្ភ ដើរតួនាទីសំខាន់ នៃការព្យាបាល។ លោករដ្ឋមន្ត្រី គាំទ្រក្នុងការរៀបចំឱ្យមាននិយមជាតិមួយ ដើម្បីទទួលបានអាហាររូបត្ថម្ភ ហើយកាត់បន្ថយការចំណាយលើការព្យាបាល ធ្វើឱ្យបង្កើនប្រសិទ្ធភាពនៃការព្យាបាល។
លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍គន្លឹះ ដល់ក្រុមការងាររៀបចំផែនទីបង្ហាញផ្លូវ ត្រូវការពង្រឹងក្រុមការងារពហុជំនាញ ដោយបង្កើតក្រុមការងារដែលរួមមាន៖ គ្រូពេទ្យជំនាញ គិលានុបដ្ឋាក ឯកទេសអាហារូបត្ថម្ភ និងអ្នកបច្ចេកទេសចំណីអាហារ ក្នុងការវាយតម្លៃ និងរៀបចំផ្តល់អាហារតាមតម្រូវការជាក់ស្តែងរបស់អ្នកជំងឺ។
ចំពោះការធ្វើទំនើបកម្មសេវាផ្ដល់អាហារក្នុងមន្ទីរពេទ្យ ត្រូវកែលម្អគុណភាព និងអនាម័យនៃសេវាអាហារ ដោយធានាថាអាហារដែលផ្តល់ជូនមានតម្លៃ ថាមពល និងសារធាតុចិញ្ចឹមគ្រប់គ្រាន់តាមស្ថានភាពជំងឺ។
ជាមួយគ្នានោះ ការប្រើប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងទិន្នន័យ ត្រូវដាក់បញ្ចូលការវាយតម្លៃអាហារូបត្ថម្ភទៅក្នុងប្រព័ន្ធព័ត៌មានវិទ្យាមន្ទីរពេទ្យ (HIS) ដើម្បីឱ្យគ្រូពេទ្យអាចតាមដានទិន្នន័យអ្នកជំងឺបានគ្រប់ពេលវេលា៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ កែវ ភិរុណ