ព័ត៌មានជាតិ

អស់លក្ខ! ជនសង្ស័យដែលលួចគ្រឿងញៀន ប្រមាណ៣គីឡូក្រាម ពីការបង្ក្រាបរបស់កម្លាំងអាវុធហត្ថ នៅខេត្តស្ទឹងត្រែង ត្រូវបានឃាត់ខ្លួន

image

ខេត្តស្ទឹងត្រែង៖ ជនសង្ស័យម្នាក់ដែលបានធ្វើសកម្មភាពលួចគ្រឿងញៀន ពីការបង្ក្រាបរបស់កម្លាំងអាវុធហត្ថ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ម្សិលមិញ ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនបានហើយនៅថ្ងៃទី៤ ខែកក្កដានេះ រួចនាំយកមកសួរចម្លើយ ដើម្បីអនុវត្តតាមច្បាប់ ។

បើតាមលោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថបានឲ្យដឹងថា បុរសម្នាក់នោះ ឈ្មោះឡេង ណាត អាយុ៤២ឆ្នាំ មុខរបរ ជាអ្នកនេសាទ រស់នៅភូមិកោះកី ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ជនល្មើសរូបនេះបានលួចគ្រឿងញៀនចំនួន៣កញ្ចប់ធំ (ប្រហាក់ប្រហែល៣គីឡូក្រាម) ក្នុងអំឡុងពេលដែលកម្លាំងអាវុធហត្ថបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅលើដងទន្លេមេគង្គ នៃស្រុកបុរីអូរស្វាយសែនជ័យ ទឹកដីនៃខេត្តស្ទឹងត្រែង ។

លោកមេបញ្ជាការបន្តថា ក្រោយករណីបង្ក្រាបគ្រឿងញៀន កម្លាំងសមត្ថកិច្ចឃើញប៉ាវច្រកគ្រឿងញៀនខាងលើដាច់រហែក ក៏ហៅអ្នកនេសាទនៅក្បែរនោះមកសួរនាំ ។បន្ទាប់ពីសួរនាំក្រុមអ្នកនេសាទរួចរាល់ ទើបសមត្ថកិច្ចមានតម្រុយឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឡេង ណាត រួមជាមួយនឹងគ្រឿងញៀនចំនួន៣កញ្ចប់ធំផងដែរ ។

សូមរំឭកថា កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយមន្ត្រីមន្ទីរបរិស្ថាន បានបង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនដ៏ធំមួយ នៅចំណុចកន្ទុយកោះហឹប ឃុំអូស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ។ នៅពេលនោះ មានទូករបស់ឧក្រិដ្ឋជនគ្រឿងញៀនមួយគ្រឿង បានដឹកគ្រឿងញៀនចំនួន២ការ៉ុង ទៅបុកជាមួយទូករបស់អ្នកនេសាទមួយគ្រឿងផ្សេងទៀត ភ្លាមនោះជនល្មើសក៏បានរត់គេចខ្លួនបាត់ស្រមោលតែម្តង ដោយបន្សល់ទុកតែគ្រឿងញៀននៅក្នុងទូក និងវត្ថុតាងផ្សេងទៀតប៉ុណ្ណោះ ៕

ដោយ៖ ម៉ាក មេត្តា