អាជីវករតំបន់ដីក្រហម ជាប់ផ្សារដើមគរ យល់ព្រមយកដំណោះស្រាយពីអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូ
ភ្នំពេញ៖ បន្ទាប់ពីការចុះសម្របសម្រួលដោយផ្ទាល់របស់លោក សុខ ពេញវុធ និងលោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ អាជីវករនៅតំបន់ដីក្រហម ជាប់ផ្សារដើមគរ បានឈានដល់ការយោគយល់គ្នា និងឯកភាពទទួលយកដំណោះស្រាយរបស់អាជ្ញាធរ ដើម្បីបើកផ្លូវឱ្យគម្រោងជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូជុំវិញផ្សារដើមគរ ដំណើរការតាមផែនការ។
លោក សុខ ពេញវុធ បានថ្លែងអំណរគុណដល់អាជីវករទាំងអស់ ដែលបានផ្តល់កិច្ចសហការ និងរួមចំណែកធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់នេះអាចអនុវត្តបានដោយរលូន។ លោកបញ្ជាក់ថា គម្រោងនេះនឹងជួយលើកកម្ពស់ប្រព័ន្ធរំដោះទឹក កែលម្អស្ថានភាពផ្លូវ បរិស្ថាន អនាម័យ សោភ័ណភាពទីក្រុង និងសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអាជីវករនៅជុំវិញផ្សារដើមគរ។
លោកស្រី ដោ សម្ភស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមអនុវត្តគម្រោង រួមមាន៖ ការជួសជុលផ្លូវលេខ២៣៥ និងផ្លូវលេខ៣៤៦ ដោយចាក់បេតុងឆ្អឹងដែក ការស្ថាបនាប្រព័ន្ធលូរំដោះទឹក និងការរៀបចំខឿន-ចិញ្ចើមផ្លូវទាំងសងខាង សរុបប្រវែង ៦៥២ម៉ែត្រ ដើម្បីធ្វើឱ្យតំបន់ជុំវិញផ្សារដើមគរ កាន់តែមានសោភ័ណភាព ស្អាត មានអនាម័យ និងអាចដោះស្រាយបញ្ហាជន់លិចបានកាន់តែមានប្រសិទ្ធភាព៕