ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ណែនាំរដ្ឋបាលខេត្ដ បន្ដកែលម្អសោភណភាពអតីតព្រលានយន្ដហោះមណ្ឌលគិរី ដេីម្បីក្លាយជាគោលដៅទេសចរណ៍ឧទ្យានសួនច្បារដ៏ទាក់ទាញ

image

មណ្ឌលគិរី៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងថា អតីតព្រលានយន្ដហោះមណ្ឌលគិរីជាទីតាំងដែលមានសក្កានុពលមួយផ្នែកក្នុងការទាក់ទាញទេសចរណ៍ ដូចនេះត្រូវបន្ដអភិវឌ្ឍន៍ កែច្នៃ និងបន្ដកែលម្អសោភណភាពឱ្យបានកាន់តែប្រសើរ ដើម្បីទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ។

មានប្រសាសន៍បែបនេះ នាឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញចុះជួបសំណេះសំណាលជាមួយមន្ដ្រីក្រុមប្រឹក្សាខេត្ដ ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ដមណ្ឌលគិរី នាព្រឹកថ្ងៃទី៧ កក្កដា ឆ្នាំ២០២៦ នៅសាលាខេត្ដមណ្ឌលគិរី។

សម្ដេចតេជោ ហ៊ុន សែន បានបន្ដថា អតីតព្រលានយន្ដហោះខេត្ដមណ្ឌលគិរី គឺជាទីតាំងដែលមានសក្កានុពលសម្រាប់ទេសចរណ៍ទាំងជាតិ និងអន្ដរជាតិ ដែលសម្ដេចណែនាំឲ្យត្រូវបន្ដកែលម្អ សោភណភាព កែច្នៃជាសួនច្បារឱ្យកាន់តែប្រសើរ សម្រាប់ពលរដ្ឋក្នុងអាចទៅលេងកម្សាន្ដ ហាត់ប្រាណ ឬកន្លែងលំហែផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា កន្លងមកមាន ក្រុមហ៊ុនមួយ បានស្នើយកទីតាំងអតីតព្រលានយន្ដហោះមណ្ឌលគិរីនេះ មកអភិវឌ្ឍន៍ជាសំណង់ផ្ទះល្វែង តែសំណើនោះត្រូវបានសម្ដេច បដិសេធ។

ទីតាំងអតីតព្រលានយន្តហោះខេត្តមណ្ឌលគិរី ដែលស្ថិតនៅចំកណ្តាលក្រុងសែនមនោរម្យដែលមកដល់ពេលបច្ចុប្បន្ន ត្រូវបានអាជ្ញាធរខេត្តសម្រេចកែប្រែទៅជាឧទ្យានសួនច្បារសាធារណៈដ៏ធំឈានមុខគេ ដើម្បីលើកកម្ពស់សោភណភាពក្រុង និងទាក់ទាញភ្ញៀវទេសចរ៕

អត្ថបទ ៖ ឈឹម ធីតា រូបភាព៖ ង៉ាន់ សំណាង