ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អំពាវនាវប្រជាពលរដ្ឋ និងយុវជន ប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន

image


ព្រៃវែង៖ អភិបាលខេត្តព្រៃវែង លោក សួន សុម៉ាលីន បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន សូមទាញយក និងចូលរួមប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ No Drug ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ការអំពាវនាវបានធ្វើឡើង ក្នុងឱកាសទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីបានរៀបចំឡើងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្ស ឱ្យជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” នៅសួនច្បារសម្តេចក្រឡាហោម ស ខេង។
លោកអភិបាលខេត្ត បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារី សិស្សានុសិស្ស សូមទាញយក និងប្រើប្រាស់ឲ្យបានទូលំ ទូលាយនូវកម្មវិធីទូរស័ព្ទដៃ No Drug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលជាឃ្លាំងនៃ ចំណេះដឹង និងប្រព័ន្ធអប់រំដ៏មានវិសាលភាពមួយ សម្រាប់ទទួលបានការកម្សាន្តបែបអប់រំ, ខ្លឹមសារមេ រៀនសំខាន់ៗ សម្រាប់សិក្សាយល់ដឹង និងជាវិញ្ញាសាត្រៀមប្រឡងនានា, ព័ត៌មានទាន់ហេតុការណ៍ទាំងជាតិ និងអន្តរជាតិ ពាក់ព័ន្ធពីបញ្ហាគ្រឿងញៀន និងដើម្បីស្វែងយល់ពីសេវា បន្សាបព្យាបាល និងស្តារនីតិសម្បទា។
លោកអភិបាលខេត្ត ក៏បានណែនាំដល់គ្រប់អង្គភាព និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបន្តអនុវត្តបទបញ្ជាលេខ០១ បប ដោយត្រូវត្រួតពិនិត្យជាប្រចាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេលនិងម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូ នៃការអនុវត្តច្បាប់ ស្របតាមគោលការណ៍ សម្អាតផ្ទះយើង”និង "សម្អាតចកចេញពីបឹង”។
សូមបញ្ជាក់ថា ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាទិវាដ៏មានសារៈ សំខាន់មួយ សម្រាប់រំលឹកដល់ប្រជាពលរដ្ឋ ក៏ដូចជាបង្ហាញនូវការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាពេលកន្លងមក។
សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបទបញ្ជាលេខ០១ បប ស្តីពី ការដាក់ចេញវិធានការម៉ឺងម៉ាត់ និងបទបញ្ជាដាច់ខាតចំពោះមន្ត្រីរាជការស៊ីវិល កងកម្លាំង ប្រដាប់អាវុធ និងមន្ត្រី ជាប់កិច្ចសន្យាតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ដែលពាក់ព័ន្ធនឹងការប្រើប្រាស់ និងបទ ល្មើសគ្រឿងញៀន ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ដែលបទបញ្ជានេះ បានទទួលការសាទរ និងគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិង ក្រៅប្រទេស៕
អត្ថបទ៖ តែ ផានិត