ព័ត៌មានអន្តរជាតិ

មនុស្សរាប់លាននាក់ ចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ និងកាន់ទុក្ខមេដឹកនាំកំពូលអ៊ីរ៉ង់ ក្នុងទីក្រុងតេហ៍រ៉ង់

image


អ៊ីរ៉ង់៖ ព្រឹត្តិការណ៍កាន់ទុក្ខថ្នាក់ជាតិដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីរ៉ង់ ប្រព្រឹត្តទៅយ៉ាងក្តៅគគុក នៅក្នុងរដ្ឋធានីតេហ៍រ៉ង់ (Tehran) ដើម្បីគោរពវិញ្ញាណក្ខន្ធមេដឹកនាំកំពូល លោក អាល់យ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei) ដែលបានបាត់បង់ជីវិតនៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអ៊ែល ។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធកាលពីពេលថ្មីៗនេះ ប្រជាពលរដ្ឋអ៊ីរ៉ង់រាប់លាននាក់មកពីគ្រប់និន្នាការនយោបាយ និងសាសនាខុសៗគ្នា បាននាំគ្នាពាក់អាវពណ៌ខ្មៅមកប្រមូលផ្ដុំគ្នានៅតាមមហាវិថីធំៗ ខណៈបរិយាកាសទាំងមូលពោរពេញទៅដោយភាពសោកសង្រេង និងកំហឹងពុះកញ្ជ្រោល រហូតមានការគប់ដុំថ្ម និងហែកបំផ្លាញរូបថតរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ថែមទៀតផង ។
ក្រុមពលរដ្ឋ និងស្រទាប់យុវជនអ៊ីរ៉ង់ដែលបានចូលរួម បានស្រែកទាមទារនូវការសងសឹកយ៉ាងខ្លាំងក្លា ដោយពួកគេគូសបញ្ជាក់ថា នឹងមិនធ្វើការចរចាណាមួយជាមួយសត្រូវឡើយ ហើយជម្រើសតែមួយគត់គឺមានតែ «សង្គ្រាម» ប៉ុណ្ណោះ ព្រមទាំងប្តេជ្ញាចិត្តថានឹងបន្តដើរតាមគន្លងរបស់មេដឹកនាំរូបនេះ និងមិនបណ្តោយឱ្យឈាមរបស់លោក ត្រូវបង្ហូរដោយឥតប្រយោជន៍ឡើយ ។
យោងតាមសេចក្ដីរាយការណ៍ផ្ទាល់របស់ភ្នាក់ងារសារព័ត៌មាន RT លោក សាម៉ាន ខូហ្សួរី (Saman Kojouri) បានឱ្យដឹងថា ជួរនៃក្បួនដង្ហែសពដែលមានផ្ទុកមឈូសរបស់អតីតមេដឹកនាំកំពូលរូបនេះ បានរំកិលទៅមុខយ៉ាងយឺតៗកាត់តាមដងផ្លូវ ដោយសារតែមានមនុស្សយ៉ាងច្រើនលើសលប់ ចោមរោមព័ទ្ធជុំវិញនោះ ដើម្បីមើលមុខលោកជាលើកចុងក្រោយ ខណៈពិធីរំលឹកវិញ្ញាណក្ខន្ធនេះ នឹងនៅតែបន្តរៀបចំឡើងជាបន្តបន្ទាប់នៅទូទាំងប្រទេស ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ RT | រូបភាព៖ Screenshot from RT video.