សង្គម

កម្ពុជា ចូលរួមជាមួយប្រទេសជាង ១៧០ កំណត់ទិសដៅអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសាកល

image


ហ្សឺណែវ៖ កម្ពុជា បានចូលរួមជាមួយប្រទេសជាង ១៧០ និងអង្គការអន្តរជាតិជាច្រើន ក្នុងការកំណត់ទិសដៅអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) លើឆាកសាកល ខណៈប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យឌីជីថល និងតំណាងជាង ៤,០០០នាក់ បានជួបជុំគ្នានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងពិធីបើក «កិច្ចសន្ទនាសកលស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិម្មិត»។

តបតាមការអញ្ជើញរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសអែលសាលវ៉ាឌ័រ និងអេស្តូនី ក្នុងនាមជាសហប្រធាន។

ក្នុងកិច្ចប្រជុំ គណៈវិទ្យាសាស្ត្រឯករាជ្យអន្តរជាតិលើបញ្ញាសិប្បនិម្មិត ដែលមានអ្នកជំនាញចំនួន ៤០រូប មកពីជុំវិញពិភពលោក បានបង្ហាញរបាយការណ៍ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងអភិវឌ្ឍក្នុងល្បឿនលឿនជាងសមត្ថភាពគ្រប់គ្រងរបស់ពិភពលោក ខណៈសមត្ថភាពបច្ចេកវិទ្យានេះកំពុងប្រមូលផ្តុំនៅក្នុងប្រទេសមួយចំនួនតូច ប៉ុន្តែផលប៉ះពាល់អាចរីកសាយភាយដល់គ្រប់ប្រទេស។ គណៈវិទ្យាសាស្ត្របានអំពាវនាវឱ្យរដ្ឋសមាជិកចាត់វិធានការនយោបាយឱ្យបានឆាប់រហ័ស ដើម្បីធានាថា AI បម្រើផលប្រយោជន៍របស់មនុស្សជាតិ។

ក្នុងនាមកម្ពុជា លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា អភិបាលកិច្ចបញ្ញាសិប្បនិម្មិតត្រូវផ្តោតលើការគាំទ្រសក្ដានុពលវិជ្ជមាន ដើម្បីជំរុញនវានុវត្តន៍ ពង្រីកការប្រើប្រាស់ និងកសាងទំនុកចិត្តពីសាធារណជន។ ទន្ទឹមនឹងនេះ ក្របខណ្ឌអភិបាលកិច្ចក៏ត្រូវមានសមត្ថភាពឆ្លើយតបទាន់ពេលចំពោះហានិភ័យ មានចក្ខុវិស័យវែងឆ្ងាយ និងអាចទប់ស្កាត់ផលប៉ះពាល់មុនពេលកើតឡើង នៅពេលចាំបាច់។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ស្របតាមនិន្នាការអាស៊ាន កម្ពុជា នឹងអនុវត្តអភិបាលកិច្ចបញ្ញាសិប្បនិម្មិតដោយឈរលើគោលការណ៍ច្បាស់លាស់ និងចាត់ទុកវិស័យឯកជន គ្រឹះស្ថានអប់រំ និងស្រាវជ្រាវ សង្គមស៊ីវិល និងប្រជាពលរដ្ឋ ជាដៃគូដ៏សំខាន់ក្នុងការអភិវឌ្ឍប្រព័ន្ធ AI ប្រកបដោយការទទួលខុសត្រូវ។

ជាមួយគ្នានេះ លោកក៏បានស្នើឱ្យសហគមន៍អន្តរជាតិពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពជូននិយ័តករ ការចែករំលែកព័ត៌មានអំពីការវិវឌ្ឍថ្មីៗ ការផ្លាស់ប្តូរបទពិសោធន៍ផ្នែកនិយ័តកម្ម និងការតាមដានឧប្បត្តិហេតុពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិត។

ក្រៅពីនេះ លោករដ្ឋមន្ត្រីបានអំពាវនាវដល់ក្រុមហ៊ុនបច្ចេកវិទ្យាពិភពលោក ឱ្យសហការយ៉ាងជិតស្និទ្ធ និងមានការទទួលខុសត្រូវជាមួយរដ្ឋាភិបាលនានា ដើម្បីរួមគ្នាកសាងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព តម្លាភាព និងផលប្រយោជន៍រួមសម្រាប់មនុស្សជាតិ៕