ផលនេសាទខេត្តកំពតប្រមូលបានជាង ១ម៉ឺនតោន នៅឆមាសទី១ ឆ្នាំ២០២៦
កំពត៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន បានឱ្យដឹងថា ក្រោមការអនុវត្តតាមគោលនយោបាយរបស់ក្រសួង និងការចង្អុលបង្ហាញរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ខណ្ឌរដ្ឋបាលជលផលបានបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល តាមរយៈការទប់ស្កាត់បទល្មើសនេសាទ ការពារតំបន់អភិរក្សសមុទ្រ និងលើកកម្ពស់ការចិញ្ចឹមវារីវប្បកម្ម ដើម្បីធានានិរន្តរភាពធនធាន និងលើកកម្ពស់ជីវភាពរបស់ប្រជានេសាទ។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបញ្ជាក់ថា ក្នុងរយៈពេល ៦ខែដើម ឆ្នាំ២០២៦ ផលនេសាទសរុបដែលប្រមូលបានមានចំនួន ១០,៣៨៥តោន ក្នុងនោះ ផលនេសាទទឹកសាបមានចំនួន ២,០៨០តោន និងផលនេសាទសមុទ្រមានចំនួន ៨,៣០៥តោន ដែលតំបន់ត្រពាំងរពៅប្រមូលបានប្រមាណ ៣,៥០០តោន។ ចំណែកផលវារីវប្បកម្មសរុបមានចំនួន ២,៤៣២តោន ក្នុងនោះ វារីវប្បកម្មសមុទ្រមាន ៨៤២តោន និងវារីវប្បកម្មទឹកសាបមាន ១,៥៩០តោន។
ដោយឡែក ការកែច្នៃផលិតផលជលផលសម្រេចបាន ៩៣២តោន ខណៈផលនេសាទដែលនាំចេញទៅក្រៅខេត្តមាន ៣៤៣តោន ក្នុងនោះផលិតផលកែច្នៃមាន ៩០តោន និងផលនេសាទស្រស់មាន ២៥៣តោន ដែលបានរួមចំណែកបង្កើនតម្លៃបន្ថែមដល់ផលិតផលជលផល និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន។
នាយខណ្ឌរដ្ឋបាលជលផល បានឱ្យដឹងទៀតថា ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង ៦៦,៥គីឡូម៉ែត្រ និងមានគ្រួសារប្រកបរបរនេសាទប្រមាណ ៤,២០០គ្រួសារ។ ខេត្តក៏មានធនធានធម្មជាតិដ៏សម្បូរបែប រួមមាន ស្មៅសមុទ្រ ផ្កាថ្ម និងព្រៃកោងកាង ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវចម្រុះសមុទ្រ និងជាមូលដ្ឋានគាំទ្រដល់ការអភិវឌ្ឍវិស័យនេសាទប្រកបដោយចីរភាព។ ទន្ទឹមនឹងការជំរុញផលិតកម្ម ខណ្ឌរដ្ឋបាលជលផលក៏បានបន្តពង្រឹងការអនុវត្តច្បាប់ ដោយបង្ក្រាបបទល្មើសនេសាទបាន ១៣ករណី ក្នុងឆមាសទី១ រួមមាន ការរឹបអូស និងបំផ្លាញលបកន្ទុយកណ្ដុរខុសច្បាប់ចំនួន ១៩៦ លប ព្រមទាំងអាំងវទ័រឆក់ និងអាគុយ ដែលប្រើប្រាស់ក្នុងសកម្មភាពនេសាទខុសច្បាប់។ វិធានការទាំងនេះ មានគោលបំណងការពារធនធានជលផល និងរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ីសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។
ទោះជាយ៉ាងណា លោក ស សូរិន បានលើកឡើងថា វិស័យជលផលនៅតែប្រឈមបញ្ហាមួយចំនួន រួមមាន កង្វះដើមទុន និងទុនបង្វិលរបស់សហគមន៍ កង្វះពូជត្រី និង បច្ចេកទេសវារីវប្បកម្មនៅមានកម្រិតដែលទាមទារឱ្យមានការបន្តគាំទ្រផ្នែកបច្ចេកទេស និងការវិនិយោគបន្ថែម ដើម្បីពង្រឹងផលិតភាព និងលើកកម្ពស់ជីវភាពប្រជានេសាទឱ្យកាន់តែប្រសើរឡើង៕
អត្ថបទ៖ វង្ស សុធារម្យ