សិង្ហបុរី និងឥណ្ឌូណេស៊ី ព្រមព្រៀងគ្នាលើពាណិជ្ជកម្មកាបូន និងជួយជ្រោមជ្រែងអាជីវកម្មខ្នាតតូច និងមធ្យម
សិង្ហបុរី៖ ប្រទេសសិង្ហបុរី និងឥណ្ឌូណេស៊ី បានព្រមព្រៀងគ្នាជាផ្លូវការលើកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ ជុំវិញការធ្វើពាណិជ្ជកម្មឥណទានកាបូន និងការសម្របសម្រួលពាណិជ្ជកម្មឆ្លងដែនសម្រាប់សហគ្រាសធុនតូច និងមធ្យម របស់ឥណ្ឌូណេស៊ី។
នៅក្នុងជំនួបកំពូលទ្វេភាគីលើកទី២ កាលពីថ្ងៃចន្ទកន្លងទៅ នៅវិមានប្រធានាធិបតី អ៊ីស្តាណា មេដេកា (Istana Merdeka) ក្នុងទីក្រុងហ្សាកាតា នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ឡរ៉េន វ៉ុង (Lawrence Wong) និងប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ (Prabowo Subianto) បានរួមគ្នាប្រកាសរឹតបន្តឹងចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ។
លោក ឡរ៉េន វ៉ុង (Lawrence Wong) សង្កត់ធ្ងន់ថា សិង្ហបុរីមានទំនុកចិត្តទាំងស្រុងលើការអភិវឌ្ឍរបស់ឥណ្ឌូណេស៊ី ដោយសារតែអនាគតនៃប្រទេសទាំងពីរបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតល្មួត ហើយកិច្ចសហការរួមគ្នានេះ នឹងជួយបង្កើនឱកាសការងារ ព្រមទាំងជំរុញសមត្ថភាពប្រកួតប្រជែងរបស់ប្រទេសទាំងពីរនៅក្នុងតំបន់អាស៊ាន ។
ផ្អែកលើស្មារតីនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីទីផ្សារកាបូន ក្រោមមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្លាស់ប្តូរព័ត៌មាន និងបច្ចេកទេស ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម និងក្រសួងបរិស្ថាននៃប្រទេសទាំងពីរ។
បន្ថែមពីលើនេះ មូលនិធិទ្រព្យសម្បត្តិរដ្ឋឥណ្ឌូណេស៊ី ដាណានតារា (Danantara) បានចាប់ដៃជាមួយក្រុមហ៊ុនថាមពលល្បីៗរបស់សិង្ហបុរី ដើម្បីបង្កើតផែនទីបង្ហាញផ្លូវសម្រាប់ការនាំចេញ-នាំចូលថាមពលអគ្គិភ័យកាបូនទាបឆ្លងដែន ដែលត្រូវគេរំពឹងថានឹងជំរុញគម្រោងពាណិជ្ជកម្មថាមពលបៃតងនេះ ឱ្យសម្រេចបានយ៉ាងហោចណាស់ ៣,៤ ជីហ្គាវ៉ាត់ ។
ទន្ទឹមនឹងការប្តេជ្ញាចិត្តលើសន្តិសុខថាមពល ភាគីទាំងពីរក៏បានសម្តែងក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិយោធានៅតំបន់មជ្ឈិមបូព៌ា (Middle East) ដោយបានអំពាវនាវឱ្យមានការគោរពបទឈប់បាញ់ និងរក្សាសិទ្ធិឆ្លងកាត់នាវានៅច្រកសមុទ្រ ហ័រមូស ដើម្បីធានាថាខ្សែច្រវាក់ផ្គត់ផ្គង់សកលមិនត្រូវរងការរំខាន។
សហព័ន្ធធុរកិច្ចសិង្ហបុរី និងសភាពាណិជ្ជកម្មឥណ្ឌូណេស៊ី ក៏បានចុះកិច្ចព្រមព្រៀងជួយជ្រោមជ្រែងដល់អាជីវកម្មខ្នាតតូច និងមធ្យម តាមរយៈការបណ្តុះបណ្តាលបច្ចេកវិទ្យាឌីជីថល ខណៈដែលប្រទេសទាំងពីរត្រៀមខ្លួនអបអរសាទរខួបលើកទី ៦០ នៃទំនាក់ទំនងការទូតជាផ្លូវការនៅក្នុងឆ្នាំ ២០២៧ ខាងមុខ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ CNA | រូបភាព៖ (AFP/Yasuyoshi Chiba)/ The Straits Times.